
ព្រះសីហនុ៖ ជនសង្ស័យ២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិតបុរសជនជាតិចិន១នាក់ នាព្រឹកថ្ងៃទី១៣ សីហា។ បន្ទាប់ពីពលរដ្ឋបានរាយការណ៍មកថា នៅចំណុច ម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ មានករណីចាប់ជំរិត ប៉ូលីសបានចេញប្រតិបត្តិការណ៍ និងរំដោះបានជនរងគ្រោះម្នាក់រងរបួសធ្ងន់ និង ឃាតខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ រួមទាំងអាវុធខ្លី១ដើម។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០៦ និង០០នាទី ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ បានប្តឹងរាយការណ៍មកថា នៅចំណុច ម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ មានក្រុមសង្ស័យមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត បុរសជនជាតិចិន ១នាក់ ចូលក្នុងរថយន្ត ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណរថយន្តជនសង្ស័យជិះធ្វើសកម្មភាព។ កម្លាំងជំនាញ បានធ្វើការដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុចស្ថានីយប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ រថយន្តជនសង្ស័យ បានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរ បណ្តាលឲ្យរងរបួសបុរស១នាក់។ បន្ទាប់មក រថយន្តជនសង្ស័យបានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុច មុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ រថយន្តរបស់ជនសង្ស័យបានបន្តបុករថយន្ត១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលឲ្យខូចខាតគូថរថយន្ត ហើយកម្លាំងសមត្ថកិច្ច ធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបាន។
ភ្លាមនោះ ជនសង្ស័យ២នាក់ បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមានម្នាក់សៀតអាវុធខ្លី១ដើមនៅចង្កេះ រត់ចូលក្នុងផ្សារ និងម្នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើម រត់ទៅតាមផ្លូវគៀនផ្សារ។ ពេលនោះ កម្លាំងសមត្ថកិច្ចបានដេញ រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានអាវុធខ្លី ចំណែកជនសង្ស័យម្នាក់ទៀត ដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ច។
ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការផ្ទុះអាវុធ២គ្រាប់ ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅត្រូវជើងខាងឆ្វេងរបស់ជនសង្ស័យ បន្ទាប់មក កម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះម្នាក់ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) និងជនសង្ស័យ១នាក់ ភេទប្រុស ជនជាតចិន (រងរបួសជើង) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស។ ជនរងគ្រោះចំនួន ០១នាក់ ភេទប្រុស ជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយរងរបួសក ធ្ងន់ធ្ងរ និង ជនសង្ស័យជនជាតិចិនម្នាក់នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ផងដែរ៕

.jpg?1691899912)