Cctimesw1140xh150cm copy

ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពី«អក្ខរកម្មឌីជីថល»ដល់សិស្សនៅមណ្ឌលគិរី

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

មណ្ឌលគិរី៖ ក្រសួងអប់រំ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី«អក្ខរកម្មឌីជីថល» រយៈពេល៣ថ្ងៃ តាមបែបចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរអប់រំ ខេត្តមណ្ឌលគិរី។ សិក្ខាសាលានេះ មានសិស្សានុសិស្សមកពីបណ្តាគ្រឹះស្ថានសិក្សាគោលដៅនានាក្នុងខេត្តមណ្ឌលគិរី ចូលរួមសរុប ៣២០នាក់ ក្នុងនោះជនជាតិភាគតិចមានចំនួនជិត៧០%។

នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃក្រសួងអប់រំ សហការជាមួយក្រសួងប្រៃសណីយ៍ ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន TikTok និង The Young Seakers Cambodia រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីអក្ខរកម្មឌីជី នៅមន្ទីរអប់រំ ខេត្តមណ្ឌលគិរី។ សិក្ខាសាលានេះ មានសិស្សានុសិស្សមកពីតាមបណ្តាគ្រឹះស្ថានសិក្សាគោលដៅនានាក្នុងខេត្តមណ្ឌលគិរី ចូលរួមសរុប ៣២០នាក់ ក្នុងនោះជនជាតិភាគតិចមានចំនួនជិត៧០%។

សិក្ខាសាលានេះ បានធ្វើការបែងចែកជាពីរទម្រង់ គឺទម្រង់វីដេអូអនឡាញ និងទម្រង់ជួបជុំផ្ទាល់ ក្នុងគោលបំណងដើម្បីរួមចំណែកចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងផ្នែកឌីជីថលសំខាន់ៗមួយចំនួនដូចជា ការពារហានិភ័យពីការប្រើប្រាស់ប្រព័ន្ធអនឡាញ ដូចជា ការឆបោក ការបំពានកេរ្តិ៍ខ្មាស ការគំរាមកំហែង និងការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយនៅតាមបណ្តាញសង្គមនានា។

លើសពីនេះ សិក្ខាសាលានេះ នឹងបង្រៀនសិស្សអំពីការបង្កើត ការដាក់ពាក្យសម្ងាត់រឹងមាំ និងការប្រើប្រាស់ទំព័រហ្វេសបុក និងបណ្តាញសង្គមនានា។ ជាពិសេស ការបង្ហាញពីបច្ចេកទេសងាយៗដោយប្រើធនធានដែលមានស្រាប់ដូចជា ទូរសព្ទ ស្មាតហ្វូន កុំព្យូទ័រ និង កុំព្យូទ័រ បន្ទះ ដើម្បីបង្កើតជាវីដេអូអប់រំខ្លីៗ និង កម្មវិធីបច្ចេកវិទ្យាផ្សេងៗ។

សិក្ខាសាលានេះ ក៏បានបង្រៀនសិស្សក្នុងការស្វែងរកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត និងរបៀបនៃការប្រើប្រាស់កម្មវិធី Google (Google Meet, Google Drive, Google Docs, Google Sheets, and Google Slides), Telegram, Canva, Facebook, និង TikTok ជាដើម ក្នុងការសិក្សាស្រាវជ្រាវ និងប្រកបកិច្ចការផ្សេងៗប្រចាំថ្ងៃ។ បញ្ជ្រាបខ្លឹមសារអំពីភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ លើកទឹកចិត្តឱ្យយុវជនបង្កើតព័ត៌មានល្អៗ និងមានប្រយោជន៍ដល់សង្គមជាតិ ហើយដាក់បញ្ចូលទៅក្នុងប្រព័ន្ធបណ្តាញសង្គមសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ទូទៅ។

ក្រោយពីបានបញ្ចប់វគ្គសិក្ខាសាលានេះ សិស្សានុសិស្ស អាចមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព និងភាពជាពលរដ្ឋសាកលប្រកបដោយការទទួលខុសត្រូវ ជាពិសេសអាចអភិវឌ្ឍសមត្ថភាពចំណេះដឹងខ្លួនឯង ជួយដល់ការសិក្សា និងការស្វែងយល់ពីហានិភ័យផ្សេងៗដែលអាចកើតឡើងពីការប្រើប្រាស់កម្មវិធីឌីជីថលទាំងនោះ រួមទាំងការចេះការពារខ្លួនឱ្យចៀសផុតពីការឆបោក ការបៀតបៀនកេរ្តិ៍ខ្មាស និងការគំរាមកំហែងពីប្រព័ន្ធអនឡាញ ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង