
ជប៉ុន៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១០សីហានេះ អំពាវនាវឱ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជូនដំណឹងដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារជាតិ ឧតុនិយមជប៉ុនបានចេញសេចក្តីព្រមានអំពីព្យុះត្រូពិចខាន់ណុន (Khanun) ដែលកំពុងរំកិលខ្លួន មកកាន់ទិសខាងជើង ហើយអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku ។
ឥទ្ធិពលព្យុះនេះបានធ្វើអោយមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃតំបន់ Kyushu និង Shikoku ហើយនឹងអាចបណ្ដាលឱ្យមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។ អាជ្ញាធរបានចេញសេចក្តីព្រមានពាក់ព័ន្ធនឹងការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់ៗ។
គួរបញ្ជាក់ថា ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ ។ ក្នុងករណីបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរដែល រងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤ ។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព រួចផុតពីគ្រោះធម្មជាតិ និងចៀសផុតពីជំងឺឆ្លងនានា៕
