ភ្នំពេញ៖ CSDA រៀបចំកម្មវិធីប្រកួតនិយាយជាសាធារណៈរដូវកាលទី៣ដើម្បីប្រមូលផ្តុំយុវជនជាសិស្សវិទ្យាល័យឬនិស្សិតដែលចូលចិត្តការនិយាយជាសាធារណៈអភិវឌ្ឍសមត្ថភាពនិងអាចចូលរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌។
បើតាមគេហទំព័ររបស់ CSDA បានឱ្យដឹងថាកម្មវិធីប្រកួតនិយាយជាសាធារណៈនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដែលមានគោលបំណងក្នុងការប្រមូលផ្តុំយុវជនដែលមានចំណង់ចំណូលចិត្តក្នុងការនិយាយបញ្ចេញសមត្ថភាពក្នុងការនិយាយជាសាធារណៈរួមទាំងអាចទទួលបានឱកាសក្នុងការទទួលបានមតិយោបល់ពីគណៈកម្មការដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្តទៀត។
យុវជនដែលអាចចូលរួមក្នុងការប្រកួតនេះត្រូវតែជាសិស្សដែលកំពុងសិក្សានៅវិទ្យាល័យពីថ្នាក់ទី៨ ដល់ទី១២ ឬ ជាសិស្សនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។ សិស្សដែលសិក្សានៅតាមខេត្ត និងសិស្សដែលទើបតែចាប់ផ្តើមការស្រលាញ់ការនិយាយសាធារណៈត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យចូលរួម។
សម្រាប់សិស្សដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាចធ្វើការដាក់ពាក្យតាមរយៈអនឡាញចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣ ខែកញ្ញា ២០២៣។ ដើម្បីអាចដាក់ពាក្យបានត្រូវចុះឈ្មោះដែលចំណាយប្រាក់១០ដុល្លារដែលពាក់កណ្តាលនៃប្រាក់ដែលបានមកពីការចុះឈ្មោះនឹងត្រូវបានបរិច្ចាគចូលកម្មវិធីសប្បុរសធម៌។ ចំណែកសិស្សដែលទទួលបានជ៏យលាភី នឹងទទួលបាននូវពាន មេដាយ វិញ្ញាបនបត្រ កាដូ រួមទាំងការផ្តល់ជូននៅវគ្គហ្វឹកហាត់ផងដែរ។
ការប្រកួតលើកទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញាពេលព្រឹក ចំណែកឯការប្រកួតលើកទី២ នឹងប្រព្រឹត្តទៅនៅពេលថ្ងៃត្រង់។ វគ្គបន្តទៀតនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២៣ ដែលជាថ្ងៃតែមួយនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។ ប្រសិនបើយុវជនជាប់ទៅវគ្គបន្តទៀត នឹងអាចចូលរួមវគ្គបន្តនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៣។គួរបញ្ជាក់ផងដែរថា ទីតាំងនៃការប្រកួតគឺនឹងធ្វើឡើងនៅក្នុងសាកលវិទ្យាល័យពុទ្ធសាស្ត្រ៕