
ភ្នំពេញ៖ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវពង្រីកពីផ្ទៃដីទំហំ ២៥៣ ៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨ ១៧២ហិកតា ស្ថិតក្នុង ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ អនុក្រឹត្យ នឹងធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព និងការរស់នៅដោយចីរភាព។ នេះបើតាមអនុក្រឹត្យរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៣។
ផ្ទៃដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានមកពីការបញ្ចូលផ្ទៃដីទំហំ ២៥៣ ៧៥០ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើត តំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ ៤ ៤២២ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពី ការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
អនុក្រឹត្យនេះមានគោលបំណង ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌ ចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ។ ជាពិសេស រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ៕
