Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ផ្លូវវាងកំណាត់ផ្លូវជាតិលេខ៧៦ដែលរអិលបាក់អាចដាក់ប្រើប្រាស់បណ្ដោះអាសន្នបានហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

មណ្ឌលគិរី៖ នេះជាលើកទី១ហើយដែលកំណាត់ផ្លូវជាតិលេខ៧៦(ស្នួល-សែនមនោរម្យ) បានរអិលបាក់ ត្រង់ចំណុចអូរងើយ ចន្លោះ PK94+080 – PK94+150 ហើយបច្ចុប្បន្ននេះអ្នកជំនាញកំពុងបន្តអនុវត្តជួសជុលឡើងវិញ ខណៈផ្លូវវាងកំណាត់ផ្លូវជាតិលេខ៧៦នេះបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ សីហា ២០២៣កន្លងទៅនេះ។ ផ្លូវវាងនេះមានគុណភាពស្របតាមបទដ្ឋាន និងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ដល់ពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរណ៍។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែម នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធានាបានថាផ្លូវវាង ដែលបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ សីហា ២០២៣កន្លងទៅនេះ មានគុណភាពស្របតាមបទដ្ឋាន និងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ អំឡុងពេលដែលកំណាត់ផ្លូវជាតិលេខ៧៦ដែលរងការខូចខាតខាងលើ នឹងត្រូវជួសជុលស្ថាបនាឡើងវិញក្នុងជំហានបន្ត បន្ទាប់ពីការសិក្សាពិនិត្យលទ្ធភាព។

ឯកឧត្តមបញ្ជាក់ថា បាតុភូតិនៃការរអិលបាក់ដីនេះ បណ្តាលមកពីកត្តាភ្លៀងធ្លាក់ជាប់ៗគ្នាច្រើន ដែលនាំឱ្យមានទឹកហូរច្រោះដាច់ដី ខាងក្រោមផ្លូវ ហើយបន្ទាប់ពីការពិនិត្យស្ថានភាពជាក់ស្តែង កំណាត់ផ្លូវនេះអាចនឹងត្រូវសិក្សាលើកគម្រោងជួសជុល ដោយមានពីរជម្រើសគឺ៖ (១) ជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និង (២) សិក្សាពិនិត្យលទ្ធភាពសាងសង់លើគន្លងផ្លូវវាងថ្មីនេះតែម្តង។ ជម្រើសក្នុងការជួសជុល នឹងពិនិត្យសម្រេច បន្ទាប់ពីឆ្លងកាត់ការពិភាក្សាលម្អិត និងស៊ីជម្រៅ ទាំងផ្នែកបច្ចេកទេសពាក់ព័ន្ធ និងផ្នែកហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៧៦(ស្នួល - សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវDBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន CRBC ចំណាយថវិកាសាងសង់ចំនួន ៥១ ៩០០ ០០០ ដុល្លារអាមេរិក។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង