
កូរ៉េ៖ ជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ ផ្លាស់ប្តូរទីតាំងពីប៊ូអាន ទៅរដ្ឋធានីសេអ៊ូល ដោយសារព្យុះ Typhoon Khanun ប្រភេទព្យុះកម្រិត-II មានល្បឿនខ្យល់លើសពី១០០គម/ម៉ោង និងមកដល់ឆ្នេរខាងកើតខេត្តប៊ូសាន នាថ្ងៃទី១០ សីហា នេះ។
ដើម្បីបញ្ចៀសគ្រោះអាសន្នធម្មជាតិនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសង្គ្រោះបន្ទាន់ ដើម្បីដឹកជញ្ជូនយុវជនកាយរឹទិ្ធទាំងអស់ចេញពីជំរំ និងទៅស្នាក់នៅតំបន់សុវត្ថិភាពក្នុងរដ្ឋធានីសេអ៊ូល។ បន្ថែមពីនេះ គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជាដែលកំពុងស្នាក់នៅបោះជំរំ ចំនួន ៤៧រូប បានធើ្វដំណើរតាមរថយន្តឆ្ពោះមករដ្ឋធានីសេអ៊ូល ប្រកបដោយសុវត្តិភាព។
ទោះបីការផ្លាស់ប្តូរទីតាំងស្នាក់នៅក្នុងជំរំយ៉ាងក្តី ក៏គណៈកម្មការរៀបចំការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅតែបន្តឱ្យយុវជនកាយរឹទិ្ធអនុវត្តសកម្មភាពជាទម្រង់ក្រៅជំរំ (Off-side Activities) ដូចជា ទស្សនកិច្ចសិក្សានៅតាមទីកន្លែងផ្សេងៗ កម្មវិធីផ្លាស់ប្តូរវប្បធម៌ចម្រុះ ការសិក្សាស្វែងយល់ពីបច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីបង្ហាញវប្បធម៌កូរ៉េ។ តាមគម្រោងកម្មវិធីជំរំនឹងចាប់ផ្តើមបន្តអនុវត្តចាប់ពីថ្ងៃទី៩ ខែសីហា រហូតដល់ថ្ងៃទី១១ ខែសីហា នឹងប្រារព្ធពិធីបិទជំរំជាផ្លូវការនៅពហុកីឡដ្ឋានជាតិកូរ៉េ ក្នុងរដ្ឋធានីសេអ៊ូល ៕











