ភ្នំពេញ៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ត្រូវបានប្ដូរឈ្មោះទៅជា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» និងកែប្រែពីផ្ទៃដីទំហំ ៣៧ ៥០០ហិកតា មកផ្ទៃដីទំហំ ៦២ ៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យ រដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៣។
ផ្ទៃដីឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» បានមកពីការបូកបញ្ចូលផ្ទដីទំហំ ៣៧ ៥០០ហិកតា ដូចមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ ២៥ ៣៨៣ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
អនុក្រឹត្យនេះមានគោលបំណង ធានាការថែរក្សានិងការពារសោភណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ជាពិសេស រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ៕