
ភ្នំពេញ៖ នៅឆ្នាំ២០២៣នេះ ប្រទេសឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្រោមប្រធានបទ «Epicentrum of Global Growth»។ ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃស្ថាប័ន និងការបង្កើតចក្ខុវិស័យក្រោយឆ្នាំ២០២៥ នឹងធ្វើឱ្យអាស៊ានក្លាយជាសហគមន៍ដែលត្រៀមរួចជាស្រេចនាពេលអនាគត។ នេះបើតាមប្រសាសន៍លោក លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥៦ឆ្នាំ នៃការបង្កើតអាស៊ាន។
លោក ប្រាក់ សុខុន មានប្រសាសន៍ថា នៅឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះអាស៊ាន ដែលរៀបចំឡើងក្រោមប្រធានបទ «Epicentrum of Global Growth»។ លោកគិតថា ប្រទេសឥណ្ធូនេស៊ី នឹងធ្វើឱ្យការបន្ដដំណើរទៅមុខរបស់អាស៊ានកាន់តែមានភាពល្អប្រសើរ រួមទាំងការពន្លឿនការផ្តល់ផែនការសហគមន៍អាស៊ាន ដើម្បីពង្រឹងអាស៊ាន។
លោក ប្រាក់ សុខុន បានបន្ដថា ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន និងបង្កើតចក្ខុវិស័យក្រោយឆ្នាំ២០២៥ នឹងធានាថាអាស៊ានក្លាយជាសហគមន៍ដែលត្រៀមរួចជាស្រេចនាពេលអនាគត។ ហើយអ្វីដែលប្រទេសទាំងអស់មានគោលបំណងនាពេលនេះគឺធ្វើឱ្យអាស៊ាន ក្លាយជាអង្គការក្នុងតំបន់ដែលមានភាពធន់ រឹងមាំ សម្របខ្លួន បរិយាប័ន្ន និរន្តរភាព និងវិបុលភាព៕




