ចិន៖ ប្រទេសចិនបានបន្តបញ្ចូនស្បៀងអាហារ និងបរិក្ខារពេទ្យនៅក្នុងភូមិដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Hebei ភាគខាងជើងប្រទេសចិន។ ក្រុង Zhuozhou ដែលជាទីក្រុងនៅជិតទីក្រុងប៉េកាំងដែលមានប្រជាជនអចិន្ត្រៃយ៍ចំនួន ៦០ម៉ឺន បានក្លាយជាតំបន់ទឹកជំនន់ដ៏អាក្រក់បំផុតបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃដោយព្យុះទីហ្វុងដុកសូរី ។
ចាប់ពីថ្ងៃទី ២៩ ខែកក្កដាដល់ថ្ងៃទី ២ ខែសីហា ទឹកភ្លៀងជាមធ្យមនៅក្រុង Zhuozhou បានកើនឡើងដល់ ៣៥៥ មិល្លីម៉ែត្រ។ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចទីក្រុងយ៉ាងសន្ធោសន្ធៅ និងបានធ្វើឲ្យតំបន់នៅក្បែរមានការជន់លិចជាខ្លាំង នៅភូមិ Liangjiachang នៃទីក្រុងនេះទឹកបានឡើងដល់ជាង ២ម៉ែត្រ ហើយអគារ និងរថយន្តជាច្រើនត្រូវបានលិចនៅក្នុងទឹកជំនន់។ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសអ្នកស្រុកជាង ២ពាន់ នាក់ចេញពីភូមិទៅកាន់កន្លែងមានសុវត្ថិភាព។
លោក Xu Zhendong ប្រធានក្រុមនៃកងចល័តនៃអង្គភាពប៉ូលីសប្រដាប់អាវុធ Hebei បាននិយាយថា យើងបាននាំយកគ្រឿងផ្គត់ផ្គង់អាហារ និងវេជ្ជបណ្ឌិតយោធាទៅកាន់ភូមិដែលកំពុងរងគ្រោះពីព្រោះរយៈពេលបួនថ្ងៃបានកន្លងផុតទៅបន្ទាប់ពីមនុស្សជាច្រើនត្រូវបានទឹកជំនន់វាយប្រហារ។ អ្នកភូមិជាច្រើនបានអះអាងថាពួកគេបានទទួលការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកន្លែងស្តុកអាហារមានគ្រប់គ្រាន់។
គួរបញ្ជាក់ថាព្យុះទីហ្វុងដុកសូរីបានវាយប្រហារប្រទេសចិនកាលពីសប្តាហ៍មុនដោយបានធ្វើឲ្យពលរដ្ឋរបស់នៅក្នុងតំបន់គ្រោះអាសន្នជាង១លាន់នាក់បានបង្ខំចិត្តជម្លៀសខ្លួនពីលំនៅដ្ឋានទៅកាន់ទីកន្លែងសុវត្ថិភាព ព្យុះទីហ្វុងនេះគឺជាព្យុះទី៥ក្នុងប្រទេសចិនដែលបានគំរាមគំហែងដល់អាយុជីវីតពលរដ្ឋចិនជាច្រើនម៉ឺននាក់ ព្យុះនេះក៏បានបើកបក់ដល់ប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហើយកម្ពុជាយើងក៏ទទួលរងឥទ្ធិពលមួយចំនួនពីព្យុះនេះផងដែរ៕