ភ្នំពេញ៖ អាលឺ្លម៉ង់ផ្តល់ជំនួយឥតសំណង ២,១លានដុល្លារអាមេរិក ដល់អង្គភាពស៊ីម៉ាក់ សម្រាប់រយៈពេល១៦ខែ។ គម្រោងនេះជា ការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន សំដៅសម្រេចឲ្យខានតែបានតាមគោល នយោបាយរាជរដ្ឋាភិបាល " កម្ពុជាគ្មានមីនឆ្នាំ២០២៥។
អង្គភាពស៊ីម៉ាក់និងអង្គការជំនួយរបស់ប្រជាជនណ័រវេស្ស(NPA) នឹងរៀបចំពិធីចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងសហប្រតិបត្តិការគម្រោងបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា” រវាងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់ មីនកម្ពុជា និង លោក Rune Kristian Dale-Andresen ប្រធានអង្គការNPA ប្រចាំប្រទេសកម្ពុជា។ ពិធីចុះហត្ថ- លេខានេះនឹងប្រព្រឹត្តទៅនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញនាសប្តាហ៍ទី២ ក្នុងខែសីហា ឆ្នាំ២០២៣នេះ ។
គម្រោងនេះទទួលបានការគាំទ្រជាហិរញ្ញប្បទានឥតសំណងសរុបចំនួន២.១០០.០០០ ដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ សម្រាប់រយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ ដែលអង្គ- ភាពស៊ីម៉ាក់អនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតផ្ទៃដីចម្ការមីនទំហំប្រមាណ១.៦០០ហិកតា និងផ្សព្វផ្សាយអប់រំ យល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះដោយសារមីន សម្រាប់ បណ្ដាខេត្តទិសពាយ័ព្ទរួមមាន គឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕
