ភ្នំពេញ៖ RULErs និង Breakthrough សហការគ្នារៀបចំកម្មវិធីមហោស្រពភាពយន្តខ្លី ទម្លុះ កំពុងធ្វើការជ្រើសរើសយុវជនស្ម័គ្រចិត្តផ្នែកបណ្តាញសង្គម រៀបចំកម្មវីធី និងភាពយន្តឯកសារ ដើម្បីចូលរួមក្នុងការផលិតភាពយន្តចូលរួមពង្រឹងសមភាពយេនឌ័រ។
យោងតាមគេហទំព័រហ្វេសប៊ុក Breakthrough បានបង្ហាញឱ្យឃើញថា RULErs និង Breakthrough នឹងចូលរួមសហការគ្នាក្នុងការរៀបចំកម្មវិធីមហោស្រព ដែលមានគោលបំណងក្នុងការជម្រុញទឹកចិត្តឱ្យយុវជនកម្ពុជាអាចចែករំលែករឿងរ៉ាវដែលអាចជម្រុញទឹកចិត្តយុវជនផ្សេងទៀតឱ្យមានការផ្លាស់ប្តូរវិជ្ជមាន។
មហោស្រពទម្លុះមិនត្រឹមតែជា មហោស្រពភាពយន្តខ្លីនោះទេ តែវាជាវេទិកាបំផុសគំនិតឱ្យយុវជនកម្ពុជាមានភាពក្លាហាននៅក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងអំពើហិង្សាដោយផ្អែកលើយេនឌ័រ បរិយាប័ន្នសង្គម ការពង្រឹងភាពអង់អាចរបស់ស្រ្តី សិទ្ធស្រ្តី និងបទដ្ឋានសង្គមអវិជ្ជមានផ្សេងៗទៀត។
កម្មវិធី មហោស្រពភាពយន្តខ្លី ទម្លុះ នឹងផ្តោតលើការប្រកួតវីដេអូ ដូចនេះហើយពេលនេះ ក្រុមការងារកំពុងតែធ្វើការជ្រើសរើសយុវជនស្ម័គ្រចិត្តដើម្បីអាចចូលរួមចំណែកជាមួយគ្នាក្នុងការធ្វើការងារមួយនេះ ដែលមានផ្នែកបីធំៗ គឺផ្នែកបណ្តាញសង្គមចំនួន១០ រូប ផ្នែករៀបចំកម្មវិធីចំនួន ៨រូប និងផ្នែកភាពយន្តឯកសារចំនួន ២រូប។ ការចុះឈ្មោះដាក់ពាក្យជាយុវជនស្ម័គ្រចិត្តនឹងចាប់ផ្ដើមទទួលពាក្យពីថ្ងៃនេះរហូតដល់ ថ្ងៃទី 15 ខែសីហា ឆ្នាំ២០២៣។
លក្ខណសម្បត្តិ និងតម្រូវការពីយុវជនស្ម័គ្រចិត្តដែលក្រុមការងារត្រូវការគឺត្រូវតែជាយុវជនដែលមានអាយុយ៉ាងតិច18 ឬជានិស្សិតឆ្នាំទី1 ឡើងទៅដែលមានមានបទពិសោធន៍ ឬជំនាញទាក់ទងទៅនឹងតួនាទីដែលខ្លួនមានបំណងចង់ដាក់។ ជាពិសេសគឺមានការតាំងចិត្តក្នុងការបំពេញតួនាទី ឬកិច្ចការអោយទាន់ពេលវេលាដែលបានកំណត់ ដែលអាចចូលរួមការប្រជុំសំខាន់ៗ វគ្គបណ្ដុះបណ្ដាលដែលក្រុមការងារបានផ្ដល់អោយ និងមានការគិតវិជ្ជមាន ព្រមទាំងពេញចិត្តនឹងការរៀនសូត្របន្ថែម មានការតាំងចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ "ទម្លុះ"។
សម្រាប់ការដាក់ពាក្យយុវជនអាចចូលទៅកាន់តំណភ្ជាប់ https://forms.gle/gL2A9WzoErPa3Reh9 ដើម្បីអាចបំពេញព័ត៌មានបាន ដែលនឹងចេញលទ្ធផលនៅថ្ងៃទី ២១ សីហា ២០២៣ ដើម្បីអាចទៅវគ្គសម្ភាសបន្តទៀតនៅថ្ងៃទី២៧ សីហា ២០២៣ ចំណែកឯលទ្ធផលស្ថាពរនឹងត្រូវបានចេញផ្សាយនៅថ្ងៃទី៣០ សីហា ២០២៣។ សម្រាប់ព័ត៌មានបន្ថែមយុវជនអាចចូលទៅកាន់គេហទំព័រររបស់់ RULErs រឺ Breakthrough។
គួរបញ្ជាក់ផងដែរថា RULErs ជាក្រុមយុវជនដែលបានបង្កើតគម្រោងផ្សេងៗក្នុងការលើកកម្ពស់សមត្ថភាពយុវជនកម្ពុជាតាមរយៈការរៀបចំកម្មវិធិចែករំលែក ការជជែកដេញដោល បង្កើតផតខាស និងកម្មវិធីប្រកួតប្រជែងផ្សេងៗទៀតជាច្រើន។ ចំណែកឯ Breakthrough ជាគម្រោងដែលត្រូវបានបង្កើតឡើងដោយក្រុមយុវជនដូចគ្នាដែលមានគោលបំណងក្នុងការលើកកម្ពស់ការយល់ដឹងពីសមភាពយេនឌ័រក្នុងប្រទេសកម្ពុជា៕