ចិន៖ ក្រុមការងារកងកម្លាំងជួយសង្គ្រោះជម្លៀសប្រជាជនចិនដែលជាប់គាំងនៅក្នុងតំបន់ទឹកជំនន់ដ៏អាក្រក់បំផុតនៅទីក្រុងប៉េកាំង ប្រទេសចិន បានដាក់ពង្រាយអូប័ររាប់សិបគ្រឿង ដើម្បីដឹកប្រជាជនដែលកំពុងរងគ្រោះ ទៅកាន់កន្លែងដែលមានសុវត្ថិភាពជាបន្ទាន់បន្ទាប់ពីព្យុះទឹកភ្លៀង និងព្យុះទីហ្វុងដែលបានវាយលុកប្រទេសចិនកាលពីសប្តាហ៍មុន ។នៅតំបន់ Liulihe (លីវលីហេ) ក្នុងតំបន់ភាគខាងត្បូង មានមនុស្សប្រមាណជាង ៤,៣០០ នាក់នៅក្នុងភូមិចំនួន ៧ កំពុងតែរងគ្រោះដោយសារទឹកជំនន់ដ៏ខ្លាំងខ្លាមួយនេះ។
អាជ្ញាធរមូលដ្ឋានបានអំពាវនាវឱ្យក្រុមការងារកងកម្លាំងជួយសង្គ្រោះ មន្ទីរពន្លត់អគ្គីភ័យស្រុក អង្គការសប្បុរសធម៌ និងសមាគមកាកបាទក្រហមទីក្រុង បង្កើតក្រុមការងារជួយសង្គ្រោះដែលមានជំនាញជាង ១០០ នាក់ ទូកជាង ៣០ គ្រឿង និងរថយន្តក្រុង ៨០ គ្រឿង។ ក្នុងភូមិ Pinggezhuang ប្រជាជននៅតំបន់ដែលមានហានិភ័យត្រូវបានផ្លាស់ប្តូរទៅអគារខ្ពស់ កាលពីថ្ងៃអាទិត្យមុននៅពេលទឹកជំនន់វាយប្រហារ។ យ៉ាងណាក៏ដោយទឹកជំនន់បានកាត់ផ្តាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹក ហើយបានរាំងស្ទះយ៉ាងខ្លាំងដល់ការដឹកជញ្ជូនសម្ភារៈចាំបាច់ជាច្រើន។
យោងតាមមេបញ្ជាការដឹកនាំក្រុមការងារក្រុមការងារកងកម្លាំងជួយសង្គ្រោះចិន បានលើកឡើងថា មនុស្សបានជាង ១,៩០០ ត្រូវបានជម្លៀសដោយជោគជ័យទៅកាន់តំបន់ដែលមានសុវត្តិភាព។ ពលរដ្ឋម្នាក់បានឲ្យដឹងថា ទឹក និងអគ្គិសនីត្រូវបានកាត់ផ្តាច់ គាត់ពឹងផ្អែកលើរដ្ឋាភិបាលតែប៉ុណ្ណោះ ហើយទូរសព្ទរបស់គាត់អស់ថ្មមិនអាចទាក់ទងទៅអ្នកណាបានឡើយ។ គាត់ព្យាយាមក្នុងការស្វែងរកជំនួយពីសាច់ញាតិរបស់គាត់ប្រសិនបើអាចទាក់ទងជាមួយពួកគេ។
គួរបញ្ជាក់ថាព្យុះទីហ្វុងដុកសូរីបានវាយប្រហារប្រទេសចិនកាលពីសប្តាហ៍មុនដោយបានធ្វើឲ្យពលរដ្ឋរបស់នៅក្នុងតំបន់គ្រោះអាសន្នជាង៤០ម៉ឺននាក់បានបង្ខំចិត្តជម្លៀសខ្លួនពីលំនៅដ្ឋានទៅកាន់ទីកន្លែងសុវត្ថិភាព ព្យុះទីហ្វុងនេះគឺជាព្យុះទី៥ក្នុងប្រទេសចិនដែលបានគំរាមគំហែងដល់អាយុជីវីតពលរដ្ឋចិនជាច្រើនម៉ឺននាក់ ព្យុះនេះក៏បានបើកបក់ដល់ប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហើយកម្ពុជាយើងក៏ទទួលរងឥទ្ធិពលមួយចំនួនពីព្យុះនេះផងដែរ៕