Cctimesw1140xh150cm copy

លោក ប្រាក់ សុខុន ផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភី ២៤រូប មុនបន្តការសិក្សានៅជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន ២៤រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៥ ដែលប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship - JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់។

លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅកម្ពុជា។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាចំពោះនិសិ្សតជ័យលាភីទាំង ២៤រូប ដែលគ្រោងចេញដំណើរទៅជប៉ុន នៅអំឡុងចុងខែសីហានេះ និងបានផ្តាំផ្ញើឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកសំខាន់ដល់ការជួយអភិវឌ្ឍជាតិមាតុភូមិកម្ពុជា នៅពេលត្រឡប់មកប្រទេសវិញ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់ អនុសាសន៍សំខាន់ៗផងដែរដល់និស្សិតជ័យលាភីខាងលើ ពីស្ថានភាពទូទៅរបស់ប្រទេស និងប្រជាជនជប៉ុន របៀបរបបនៃការរស់នៅទីនោះ និងចែករំលេកដោយសង្ខេបអំពីទំនាក់ទំនងកម្ពុជា-ជប៉ុន។ សំណូមពរឱ្យនិស្សិត និងពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសជប៉ុនត្រូវធ្វើការទំនាក់ទំនងជាប្រចាំ ជាមួយស្ថានទូតខ្មែរនៅទីនោះ ដើម្បីសុំជំនួយលើការងារកុងស៊ុលផ្សេងៗពីស្ថានទូត។

តំណាងនិស្សិតជ័យលាភី បានឡើងថ្លែងចំណាប់អារម្មណ៍ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតបានចូលជួបសម្តែងការគួរសម និងទទួលបាននូវអនុសាសន៍ដ៏មានតម្លៃ និងបានប្តេជ្ញាចិត្តខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ និងរួមចំណែកសកម្មក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង