
សៀមរាប៖ រចនាសម្ពន្ធឥដ្ឋផ្នែកខ្លះនៃខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើតប្រឈមនឹងបញ្ហាជ្រុះធ្លាក់ និងដួលរលំ។ ខណៈពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាប្រឹងប្រែងជួសជុលខ្លោងទ្វារខាងជើងនៅរួតទី២ប្រាសាទមេបុណ្យខាងកើត។
កត្តាដែលធ្វើឱ្យខ្លោងទ្វារនេះខូចខាតខ្លាំង គឺដោយសារទឹកភ្លៀងជ្រាបចូល។ បញ្ហាសំណើមក៏ធ្វើឱ្យជញ្ជាំងពុកផុយខ្លាំង និងរុក្ខជាតិដែលដុះនៅពីលើក៏ធ្វើឱ្យគ្រឹះស្រុតបណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។

ដោយមើលឃើញនូវស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរា បានទល់ទ្រជញ្ជាំងឥដ្ឋដែលនៅសេសសល់សងខាង ដើម្បីទប់លំនឹងនៃតួខ្លោងទ្វារទាំងមូល ដែលកំពុងតែមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនឹងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះស្នាមឥដ្ឋប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារទឹកកុំឱ្យជ្រាបចូលបន្តទៀត។
ក្នុងពេលដែលខ្លោងទ្វារខាងកើតរបស់ប្រាសាទមេបុណ្យខាងកើតកំពុងមានហានិភ័យនៃតួប៉មនេះ ក្រុមការងារបច្ចេកទេស បានសម្រង់ប្លង់ កំណត់សម្គាល់ទីតាំងដែលមានហានិភ័យ និងពង្រឹងគ្រឹះ គ្រឹបខ្សែកាប ធ្វើរន្ទាខាងក្នុងដើម្បីជួយអបលំនឹង។ មកដល់ពេលនេះ ការសង្គ្រោះពង្រឹងខ្លោងទ្វារខាងជើងរបស់ប្រាសាទមេបុណ្យខាងកើតសម្រេចបាន៥០ភាគរយហើយ៕





