ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងរ៉ូបូតអន្តរជាតិ ABU Robocon នឹងប្រព្រឹត្តទៅនៅទឹកដីប្រទេសកម្ពុជានៅថ្ងៃទី២៤ ដល់ថ្ងៃទី២៩ សីហា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលមានការចូលរួមប្រកួតពីបេក្ខជនមកពី១៣ប្រទេសដែលនៅអាស៊ី ប៉ាស៊ីហ្វិក។
បើតាមគេហទំព័រហ្វេសប៊ុករបស់ Robocon Cambodia បានឱ្យដឹងថាកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជានៅថ្ងៃទី ២៤ ដល់ ២៩ សីហា ឆ្នាំ២០២៣ ដែលមានការចូលរួមចំនួន១៤ក្រុមដែលមកពីប្រទេសចំនួន១៣ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។ កម្មវិធី ABU Robocon នេះត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០០២ មកម្ល៉េះ។
កាលពីព្រឹកថ្ងៃទី១ ខែសីហា Robocon Cambodia បានបង្ហោះជាសាររូបភាពនិងខ្លឹមសារផងដែរថា រ៉ូបូតត្រូវបានរៀបចំដាក់ដើម្បីដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា ដើម្បីបង្កភាពងាយស្រួលក្នុងការរៀបចំកម្មវីធីនៅចុងខែនេះ។
គួរបញ្ជាក់ផងដែរថា កម្ពុជានឹងមានយុវជនចំនួនពីរក្រុមចូលរួមប្រកួត គឺក្រុម NPIC02 មកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលជាជើងឯកថ្នាក់ជាតិ និងក្រុម ITC02 មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជាជើងឯករងថ្នាក់ជាតិ។
ការប្រកួតនេះមានពានរង្វាន់ដូចជា ABU Robocon award, Grand Prix, 1st runner-up, 2nd Runner-ups, Best Idea Award, Best Engineering Award, Best Design Award, Special Awards។
គួរបញ្ជាក់ផងដែរកម្មវិធី ABU Asia-Pacific Robot Contest (ABU Robocon) គឺជាការប្រកួតប្រជែងរ៉ូបូត ដែលបង្កើតឡើងតាំងពីឆ្នាំ 2002 ដោយសហភាពផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក។ ការប្រកួតនេះត្រូវបានបង្កើតឡើងដោយមានគោលបំណងបង្កើតមិត្តភាពក្នុងចំណោមយុវជនដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នាដើម្បីជួយជំរុញវិស្វកម្ម និងបច្ចេកវិទ្យានៅក្នុងតំបន់៕