ភ្នំពេញ៖ គម្រោង Little Library កំពុងតែបើកយុទ្ធនាការសៀវភៅនៃក្តីសង្ឃឹម ដើម្បីប្រមូលសៀវភៅភាសាខ្មែរសម្រាប់ដាក់បរិច្ចាគនៅសាលារៀនចំនួន១០ទីតាំង ដែលនឹងទទួលការបរិច្ចាគរហូតដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០២៣។
បើតាមកញ្ញា លុយ វាសនា បានឱ្យដឹងថាតាំងពីឆ្នាំ២០១៩ដែលគម្រោង Little Library បានបង្កើតឡើងមក ភាគច្រើនទទួលបានសៀវភៅជាភាសាអង់គ្លេសពីសប្បុរសជននៅប្រទេសកូរ៉េខាងត្បូង។ សៀវភៅភាសាអង់គ្លេសទាំងនោះទៅបរិច្ចាគបន្តទៀតនៅតាមសាលារដ្ឋនិងអង្គការកុមារផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាបានចំនួន៦៥ បណ្ណាល័យ រួចមកហើយនៅចំនួន១៨ រាជធានី ខេត្ត ក្រុង។ ក្នុងចំណោមខេត្តទាំង១៨នេះ ខេត្តដែលបានស្នើបណ្ណាល័យបានច្រើនជាងគេគឺខេត្ត កណ្តាល និងខេត្តកំពង់ឆ្នាំង។
កញ្ញា លុយ វាសនា ជាប្រធានក្រុមការងារនៅ Little Library Project បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា Little Library បានចាប់ផ្តើមយុទ្ធនាការសៀវភៅនៃក្តីសង្ឃឹមនេះឡើងដោយសារតែ តាមរយៈការចុះរៀបបណ្ណាល័យតូចកន្លងមកនេះ ក្រុមការងារសង្កេតឃើញថាមានកង្វះខាតសៀវភៅជាភាសាខ្មែរ ដូចនេះហើយ ក្រុមការងារបានរួមគំនិតគ្នាបង្កើតជាគម្រោងសៀវភៅនៃក្តីសង្ឃឹមនេះឡើងដើម្បីប្រមូលសៀវភៅជាភាសាខ្មែរ។ ការចាប់ផ្តើមធ្វើយុទ្ធនាការនេះគឺពោរពេញទៅដោយសង្ឃឹម និងជឿជាក់ថាកុមារនឹងទទួលបានសៀវភៅអានបន្ថែមទៀតជាភាសាខ្មែរដើម្បីអនុវត្តការអានរបស់គេអោយបានពេញលេញនិងចម្រុះភាសាបន្ទាប់ពីសប្បុរសជនបរិច្ចាគសៀវភៅមកកាន់គម្រោងមួយនេះ។
កញ្ញា វាសនា ដែលជាប្រធានក្រុមការងារនៃ Little Library បានរៀបរាប់បន្តទៀតថា សៀវភៅដែលទទួលបានពិការបរិច្ចាគនៅក្នុងយុទ្ធនាការនេះនឹងត្រូវបានដឹកទៅកាន់បណ្ណាល័យចំនួនដប់ទីតាំង សម្រាប់សាលាបឋមសិក្សា និងវិទ្យាល័យនៅក្នុងខេត្ត ព្រែវែង កំពង់ចាម តាកែវ កំពត និងពោធិ៍សាត់។
នៅក្នុងយុទ្ធនាការសៀវភៅនៃក្តីសង្ឃឹមនេះ សប្បុរសជនអាចបរិច្ចាគជា សៀវភៅ រឿងនិទានកុមារ សៀវភៅបំណិនអប់រំ ឬ សៀវភៅគំនូរ ផាត់ពណ៌ ជាដើម។ បន្ថែមពីនេះ មិនថាសៀវភៅដែលអ្នកបានអានរួចហើយ ឬក៏ជាសៀវភៅថ្មីនោះទេ គ្រប់សៀវភៅដែលអ្នកបានបរិច្ចាគទាំងអស់ នឹងចូលរួមចំណែកយ៉ាងធំក្នុងការលើកកម្ពស់ការសិក្សារបស់ប្អូនៗកុមារជាច្រើននៅតាមសាលារៀនទាំង១០ទីតាំង។
គួរបញ្ជាក់ផងដែរថា សម្រាប់ការបរិច្ចាគនេះទីតាំងបរិច្ចាគសៀវភៅ សប្បុរសជនអាចបរិច្ចាគដោយយកទៅកាន់ការិយាល័យ Little Library Project ដែលមានទីតាំងស្ថិតនៅ the Green Community Mall (ទល់មុខ Global House), ខណ្ឌសែនសុខ, រាជធានីភ្នំពេញ ។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ +855 10 545 660។ បន្ថែមពីនេះ សប្បុរសជនអាចធ្វើការបរិច្ចាគជាថវិកាតាមគណនីលេខ ABA: 002 354 893 (Veasna LUY), Remark: A Book of Hope ឬ សៀវភៅនៃក្ដីសង្ឃឹម ដើម្បីចូលរួមចំណែកលើកតម្កើងការអានរបស់កុមារកម្ពុជា។
គម្រោងLittle Library ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ មកម្ល៉េះដោយជនជាតិកូរ៉េឈ្មោះ វ៉ុនយ៉ង កូ (Wonhyung Ko) ដែលមានទឹកចិត្តក្នុងការជួយកុមារនៅកម្ពុជាតាមរយៈការផ្តល់ជូនសៀវភៅជូនពួកគេសម្រាប់អាននៅក្នុងបណ្ណាល័យនៅសាលារៀន។
សៀវភៅដែលបានបញ្ជូនមកកាន់កម្ពុជា ជាសមិទ្ធផលរបស់លោក និងក្រុមការងារនៃអង្គការ The Beautiful Learning ដែលខិតខំប្រមូលការបរិច្ចាគពីជនជាតិកូរ៉េផ្សេងទៀតដើម្បីអាចមានសៀវភៅសម្រាប់ដឹកមកប្រទេសកម្ពុជា។ ក្រៅពីការបរិច្ចាគសៀវភៅ គម្រោង Little Library ក៏ធ្លាប់បានជាកម្មវិធីសម្រាប់យុវជនចុះបង្រៀនភាសាអង់គ្លេសសម្រាប់សិស្សនៅបឋមសិក្សាផងដែរដូចជា សាលាបឋមសិក្សា ហ៊ុនសែន ព្រែកជ្រៃ សាលាបឋមសិក្សា វត្តហា សាលាបឋមសិក្សា ទៀន សាលាបឋមសិក្សា ហ៊ុនសែន ស្ពានថ្ម និងអង្គការ Taramana ៕