
អង្គការWWF បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តច្បាប់របស់វីរជនការពារជួរមុខក្នុងការអភិរក្សធនធានធម្មជាតិ៖ មន្ត្រីឧទ្យានុរក្ស និងឆ្មាំទន្លេនៃរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីសមាជិកល្បាតនៃសហគមន៍មូលដ្ឋានបាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងជលផល រួមទាំងបេតិកភណ្ឌវប្បធម៌ផងដែរ។
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ យ៉ាងហោចណាស់ អន្ទាក់ជាង២ពាន់ត្រូវបានដកពីតំបន់ការពារ សត្វព្រៃរស់ប្រមាណ៤៥ក្បាលត្រូវបានសង្គ្រោះ ពីដែនជម្រកសត្វព្រៃចំនួនបួនរួមមាន ដែនជម្រកសត្វព្រៃស្រែពក ភ្នំព្រេច ព្រែកប្រសព្វ និងសំបូរ។ ក្នុងនោះផងដែរ នៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ ក្រុមការងារអនុវត្តច្បាប់ក៏បានរឹបអូសឧបករណ៍នេសាទខុសច្បាប់រួមមាន សន្ទូចរនងប្រវែង៣៣.០០០ម៉ែត្រ មងនេសាទ៣៥.០០០ពាន់ម៉ែត្រ និងបង្រ្កាបបទល្មើសឆក់ត្រីចំនួន១៧ករណីដោយរឹបអូសទូកម៉ាស៊ីនចំនួន៦គ្រឿងផងដែរ។