
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (Siem Reap Angkor International Airport) នឹងទទួលជើងជើងហោះហើរសាកល្បងមួយចំនួន តាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនមែនដើម្បីរកប្រាក់ចំណេញ ប៉ុន្តែមិនមែនមានន័យថា មានការផ្តល់ឱ្យអ្នកដំណើរជិះយន្តហោះដោយឥតគិតថ្លៃនោះទេ។ នេះបើតាមលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ថ្លែងប្រាប់អញនកសារព័ត៌មាន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងពេលបើកសាកល្បងរយៈ ពេល១០ថ្ងៃនេះ ចាប់ពីថ្ងៃទី៥-១៥ តុលា អាកាសយាន ដ្ឋានអន្តរជាតិថ្មីនេះ នឹងអនុញ្ញាតឱ្យយន្តហោះចុះចតបានសម្រាប់ប្រភេទ យន្តហោះឆាតទ័រ (Charter Flights) និងការហោះទាំងឡាញដែលមិនមែនស្វែងរកប្រាក់ចំណេញ ដូចជាការចុះចតសម្រាប់យន្តហោះ VIP, ប្រភេទយន្តហោះសម្រាប់បណ្តុះបណ្តាលដល់អ្នកបើកយន្តហោះថ្មី និងការហោះហើរសាកល្បងបច្ចេកទេសជាដើម។
បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គម និងសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា ក្នុងពេលបើកដំណើរការសាកល្បងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា នឹងមានការផ្តល់ការធ្វើដំណើរតាមយន្តហោះដោយឥតថ្លៃ។ លោក ស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ថា រយៈពេល១០ថ្ងៃនោះ ជាការទទួលការចុះចតយន្តហោះទាំងឡាយណាដែលមិនទទួលប្រាក់ចំណេញ មិនមែនមានន័យថា មនុស្សដែលធ្វើដំណើរជិះនៅលើយន្តទទេៗនោះទេ ហើយក្នុងលិខិតក៏មិនបាននិយាយដូច្នេះដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការ « អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) គ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។
បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលគ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ននឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ចាប់ពីម៉ោង ០០៖០០នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៕

