681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងបរិស្ថានទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ«តាតៃក្រោម»ជាផ្លូវការ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កោះកុង៖ ក្រសួងបរិស្ថាន នាថ្ងៃទី១៩ កក្តដា ទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ជាផ្លូវការ។ សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានទទួលស្គាល់នេះ មានទំហំសរុប ៩៧.៣ ហិតា ស្ថិតនៅក្នុងដែនជម្រកសត្វ ពពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

ក្រោមការសម្របសម្រួលពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថាន តាមប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ ២០២៣ នេះ។

ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នេះមានគោលបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ការរៀបចំអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នឹងត្រូវរៀបចំស្របតាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

គួរបញ្ចាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ នាពេលបច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប៕


ពាក្យទាក់ទង: តាតៃក្រោម
Khcct banner

អត្ថបទទាក់ទង