ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងវិលត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃទី ១០ ខែសីហាខាងមុខនេះ បន្ទាប់ពីបាននិរទេសខ្លួនដោយខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ ។ការប្រកាសកាលពីថ្ងៃពុធបានកើតឡើងចំពេលមានវិបត្តិនយោបាយអូសបន្លាយក្នុងប្រទេសថៃ បន្ទាប់ពីការបោះឆ្នោតទូទៅក្នុងខែឧសភា។
លោកថាក់ស៊ីន ដែលមានអាយុ ៧៤ ឆ្នាំត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីពីរដង ប៉ុន្តែត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦។ គាត់បានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ ២០០៨ ដើម្បីគេចពីទោសជាប់ពន្ធនាគារពីបទពុករលួយ ដែលគាត់អះអាងជាហេតុផលក្រុមប្រឆាំងយកលេសដើម្បីចាប់ខ្លួនគាត់លោកបានរស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។
កូនស្រីរបស់គាត់លោកស្រី Paetongtarn Shinawatra បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាងកាលពីថ្ងៃពុធថា៖ «បេះដូងខ្ញុំ និងអ្នករាល់គ្នាក្នុងគ្រួសារយើងមានអារម្មណ៍ក្តុកក្តួល សប្បាយចិត្ត និងព្រួយបារម្ភ ប៉ុន្តែយើងគោរពការសម្រេចចិត្តរបស់ប៉ា»ហើយប្រទេសថៃនៅតែស្វាគមន៍ប៉ាជានិច្ច។
លោកថាក់ស៊ីន និងគណបក្សភឿថៃ គាំទ្រដោយគ្រួសារមហាសេដ្ឋី នៅតែមានប្រជាប្រិយភាព និងនៅតាមជនបទរបស់ប្រទេសថៃ ដោយបានជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងការស្ទង់មតិកាលពីថ្ងៃទី ១៤ ខែឧសភា។ បក្សភឿថៃកំពុងព្យាយាមបង្កើតរដ្ឋាភិបាលមួយបន្ទាប់ពីព្រឹទ្ធសភាដែលត្រួតត្រាដោយយោធាបានរារាំងអ្នកឈ្នះការបោះឆ្នោតមិនឲ្យឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី។
គណបក្សភឿថៃត្រូវបានគេរំពឹងថានឹងតែងតាំងបេក្ខជនសម្រាប់ការងារកំពូលនៅប៉ុន្មានថ្ងៃខាងមុខនេះ។អគ្គស្នងការរងនគរបាលជាតិរបស់ប្រទេសថៃ លោក Surachate Hakparn បាននិយាយថា លោកថាក់ស៊ីន នឹងត្រូវទទួលរងនូវដំណើរការតុលាការ នៅពេលលោកបានគ្រោងនឹងវិលត្រឡប់មកវិញ៕