Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ហ៊ុន ម៉ានី ជឿជាក់លើបងប្រុសរបស់ខ្លួន លោក ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់សម្តេច ហ៊ុន សែន បានសរសេររៀបរាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការឡើងមកគ្រងតំណែងជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងនៅតែបន្តដំណើរទៅមុខ ប្រកបដោយសុទិដ្ឋិនិយម មោទនភាព ភាពជឿជាក់ ភាពស្វាហាប់ និង ការប្តេជ្ញា ចិត្តខ្ពស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនឆ្ពោះទៅមុខ។

លោក ហ៊ុន ម៉ានី បានចេញមកបង្ហាញទស្សនៈ និងការជឿជាក់បែបនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន បានចេញមកប្រកាសជាសាធារណៈ ក្នុងការផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅឱ្យលោក ហ៊ុន ម៉ាណែត ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣តទៅ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់បែបនេះ «ការបន្តវេន មុន និងក្រោយគង់តែ ត្រូវមកដល់ក៏ពិតមែន តែច្បាស់ណាស់ថា ក្រោមការដឹកនាំរបស់បងប្រុស ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលនឹងនៅតែបន្តបម្រើ ដោយ ស្មោះ ស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែង ទ្វេដង ថែម ទៀត»។

ទន្ទឹមនឹងការបង្ហាញទស្សនៈ និងជឿជាក់លើការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ហើយនោះ លោក ហ៊ុន ម៉ានី ក៏បានលើកបង្ហាញនូវគំរូវីរភាពដ៏ អស្ចារ្យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិ និងប្រជាជនផងដែរ។ លោក ហ៊ុន ម៉ានី បានចាត់ទុកសម្តេចតេជោ ជាឪពុកដែលតែងតែផ្តល់ ក្តី ស្រលាញ់ដល់កូនៗ ជាគ្រូ និងជាអ្នកដឹកនាំឆ្នើម និងជាគំរូ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា សម្តេច ហ៊ុន សែនលើសពីឪពុក មានរឿងរ៉ាវជាច្រើនដែលត្រូវនិយាយ និងរៀនសូត្រពីការលះបង់ជាច្រើនរាប់មិនអស់របស់ ពុក/ សម្តេចនាយករដ្ឋមន្រ្តី សម្រាប់ជាតិ មាតុភូមិ និងប្រជាជនតាំងពីយុវវ័យ រហូតដល់បច្ចុប្បន្នដែលមិនអាចមានពាក្យអ្វីនឹងថ្លែងអស់។

អ្នកដទៃអាចមិនយល់ស្របជាមួយគាត់ ក្រុមមួយក្តាប់តូច (មិនថាខ្មែរ ឬបរទេស) អាចមិនគាំទ្រគាត់ តែពួកគេមិនអាចប្រកែកបានឡើយពីស្នាដៃដ៏ធំធេង ដែលពុក / សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសបានលះបង់ជូនជាតិ និងប្រជាជនបាននោះទេ។

លោក ហ៊ុន ម៉ានី បានបន្តយ៉ាងដូច្នេះថា«បងប្អូនជនរួមជាតិប្រាកដជាបានស្តាប់នូវប្រសាសន៍របស់សម្តេច ហ៊ុន សែន កាលពីរសៀលថ្ងៃនេះហើយ។ នេះជាការលះបង់ដ៏ធំធេងមួយទៀតរបស់លោក ក្នុងការមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី (បើទោះបីជាលោកនៅអាចបន្តធ្វើបាន) ដើម្បីបម្រើដល់ទស្សនវិស័យវែងឆ្ងាយ ក្នុងការត្រួសត្រាយផ្លូវឱ្យអ្នកបន្តវេនបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងប្រជាជន ដោយគ្មានស្ទាក់ស្ទើរ និងមិនចុះចាញ់ចំពោះឧបសគ្គ។»

លោកបានបន្ថែមថា ការបន្តវេន មុន និងក្រោយគង់តែត្រូវមកដល់ក៏ពិតមែន តែច្បាស់ណាស់ថា ក្រោមការដឹកនាំរបស់បងប្រុស ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលនឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង