
កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត នាថ្ងៃទី២៦ កក្ដដា បានចេញសេចក្ដីជូនដំណឹងស្ដី អំពីការរំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ ដោយសារបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្តប់ ដែលបង្កឲ្យកម្ពស់ទឹកកើនឡើងខ្ពស់។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសវារីអគ្គិសនីកំចាយនឹងបើកទ្វារទឹកចំនួន១កម្រិតកម្ពស់២ម៉ែត្រ នៅវេលាម៉ោង ១០ព្រឹក ដើម្បីរំដោះទឹកចេញពីទំនប់។ ការបើកទ្វារទឹកនេះនឹងធ្វើឲ្យស្ថានភាពទឹកព្រែកកើនកម្ពស់ខ្ពស់ លើសពីថ្ងៃធម្មតា និងសូមឲ្យប្រជាពលរដ្ឋដែលមានទីតាំងនៅជិតទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

គួរបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលរងឥទ្ធិពលព្យុះទី៥ ឈ្មោះ ដុកស៊ូរី ដែលកំពុងតែធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ ហើយព្យុះនេះអាចមកដល់ប្រទេសចិនក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៣។ ស្ថានភាពនេះនឹងធ្វើឱ្យប្រទេសកម្ពុជាមានស្ថានភាពភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ផងដែរ៕
