ភ្នំពេញ៖ យុវជនមួយក្រុមបានបង្កើតគម្រោងដែលមានឈ្មោះក្រវាញ បន្តរៃអង្គាសថវិកាដើម្បីជួយកុមារដែលខ្វះខាតនៅជួរភ្នំក្រវាញ ក្រោយបានបញ្ចប់គម្រោងបរិច្ចាគជោគជ័យកាលពីឆ្នាំ២០២២ នៅសាលាបឋមសិក្សាក្រពើពុលនៅខេត្តកំពង់ឆ្នាំង។
បើតាមកញ្ញាយ៉ាដែនដែលជាសហស្ថាបនិកមួយរូបក្នុងចំណោមសហស្ថាបនិកចំនួន១០រូបដែលបង្កើតគម្រោងក្រវាញតាំងពីឆ្នាំ២០២២ បានឱ្យដឹងថា គម្រោងក្រវាញ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយកុមារដែលមានជីវភាពខ្វះខាតនៅតាមតំបន់ដាច់ស្រយាលតាមរយៈការរៃអង្គាសថវិកាពីសំណាក់សប្បុរសជនដើម្បីទិញជាសម្ភារៈដែលបំពេញតម្រូវការចាំបាច់របស់សិស្សសម្រាប់រៀន ដូចជាសម្ភារៈសិក្សា សម្ភារៈអនាម័យសម្រាប់កុមារនិងសម្ភារៈមួយចំនួនសម្រាប់ដាក់នៅក្នុងសាលារៀនដូចជាធុងទឹកអនាម័យជាដើម។
កាលពីឆ្នាំ២០២២ ក្រុមយុវជននៃគម្រោងក្រវាញបានចុះជួយនៅសាលាបឋមសិក្សាក្រពើពុល ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង បានដឹងពីភាពលំបាកដែលកុមារនៅទីនោះជួបប្រទះជាច្រើនដូចជាការចែវទូកមករៀនខ្លួនឯង ការផឹកទឹកដែលមិនមានអនាម័យដែលយកពីអណ្តូង និងការខ្វះខាតសម្លៀកបំពាក់ពាក់មកសាលារៀន។ ដោយសារតែបានឃើញបញ្ហាទាំងនេះ យុវជនមួយក្រុមនេះ បានធ្វើសកម្មភាពមួយចំនួនជាមួយនឹងកុមារនៅទីនោះដូចជាការជូនសម្ភារៈសិក្សា ដបសម្រាប់ដាក់ទឹក បង្ហាត់បង្រៀនពីសារៈសំខាន់ក្នុងការផឹកទឹកស្អាត និងការដុះសម្អាតមាត់ធ្មេញផងដែរ។
កញ្ញា យ៉ាដែន ក៏បានរៀបរាប់បន្តទៀតផងដែរថា ក្រុមការងាររបស់កញ្ញាយល់ឃើញថាកុមារជាជំហានដំបូងនៅក្នុងការអភិវឌ្ឍន៍ផ្នត់គំនិតរបស់ពួកគេនៅថ្ងៃខាងមុខ ហេតុនេះហើយទើបក្រុមការងារផ្តោតលើការជួយកុមារជាមុនសិន ដើម្បីឱ្យពួកគេមានកម្លាំងចិត្ត និងជឿជាក់ថាគេនឹងអាចសម្រេចក្តីស្រមៃរបស់ពួកគេនៅពេលខាងមុខ។
បន្ថែមពីនេះទៅទៀត កញ្ញា យ៉ាដែន វ័យ២០ឆ្នាំរូបនេះបានរៀបរាប់បន្តទៀតថា ក្រុមការងារក្រវាញមិនត្រឹមតែទទួលជាថវិកាសម្រាប់យកទៅជួយកុមារនោះទេ តែក៏ទទួលយកនៅសម្ភារៈផ្សេងៗដើម្បីយកទៅឱ្យកុមារផងដែរ។ ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមយុវជនក្រវាញ បានសហការជាមួយនឹងក្រុមការងារមកពីខាងអង្គការ Little Library ដើម្បីផ្តល់ជាសៀវភៅសម្រាប់កុមារអាននៅក្នុងបណ្ណាល័យផងដែរ។
ក្នុងនាមជាយុវជនតំណាងឱ្យយុវជនក្រវាញ កញ្ញា យ៉ាដែន បានចែករំលែកថា ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងគួរតែជួយកុមារ និងជនដែលត្រូវការជំនួយឱ្យបានច្រើន ព្រោះពេលខ្លះពួកគាត់ពិតជាកំពុងត្រូវការជំនួយតែមិនដឹងថាត្រូវស្នើជំនួយបានដោយរបៀបណានោះឡើយ ដូចនេះមានតែយើងដែលជាយុវជនធ្វើជាអ្នកជួយពួកគាត់បាន។
ក្រុមការងារក្រវាញដែលមានការចូលរួមពីសិស្សមកពីសាលាផ្សេងៗរួមគ្នាចំនួន១០នាក់ មានឆន្ទៈថានឹងបន្តរៃអង្គាសមិនថាជាថវិកា ឬ សម្ភារៈ ឱ្យបានច្រើនជាងឆ្នាំមុន ដើម្បីអាចធ្វើការជួយកុមារបានច្រើនជាងមុន ។ ដូចនេះ ក្រុមការងារសង្ឃឹមថាឆ្នាំនេះនឹងមានការចូលរួមចំណែកបរិច្ចាគពីសប្បុរសជនបានច្រើនជាងមុន។
ប្រសិនបើបងប្អូនមានបំណងក្នុងការចូលរួមចំណែកនៅក្នុងការបរិច្ចាគ សូមចូលទៅកាន់គេហទំព័រដែលមានឈ្មោះ ក្រវាញ - Kravanh ដើម្បីអាចធ្វើការទាក់ទងជាមួយក្រុមការងារក្នុងការបរិច្ចាគ៕