
ភ្នំពេញ៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន(ស.ន.ក.ច.) បានចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបានធ្វើការវាយតម្លៃខ្ពស់ ចំពោះដំណើរការបោះឆ្នោតលើកនេះ ដែលកាន់តែប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវ តម្លាភាព សេរីនិងយុត្តិធម៌ ដែលអាចទទួលយកបាន និងប្រកាសគាំទ្រកិច្ចដំណើរការនៃការបោះឆ្នោតដែលរៀបចំឡើងដោយ គ.ជ.ប. ដែលជាស្ថាប័នឯករាជ្យ។
សូមជម្រាបថា (ស.ន.ក.ច.) បានទទួលការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប)ក្នុងការចាត់បញ្ចូន ថ្នាក់ដឹកនាំ សមាជិក និងសមាជិកា នៃស.ន.ក.ច. ចំនួន ៣៩នាក់ បានចុះសង្កេតការណ៍មើល ការបោះឆ្នោត ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឈរលើមូលដ្ឋានឯករាជ្យ ប្រជាធិបតេយ្យ និងអព្យាក្រឹត្យ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ របស់ ស.ន.ក.ច. សង្កេតឃើញថា៖

១. មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ។ ២. ដំណើរការបោះឆ្នោតចាប់តាំងពីដំណើរការដំបូង រហូតដល់ចប់ការបោះឆ្នោត គឺប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងណាមួយឡើយ ដោយមានប្រជាពលរដ្ឋខ្មែរចូលរួមបញ្ចេញនូវឆន្ទៈរបស់ខ្លួន យ៉ាងច្រើនកុះករ ប្រមាណជា៨,២១៣,២៦០នាក់ ស្មើនឹង៨៤,៥៨% បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសរុប ៩,៧១០,៦៥៥នាក់ (១០០%)។

៣. កិច្ចដំណើរការនៃការរាប់សន្លឹកឆ្នោត គឺប្រព្រឹត្តទៅដោយសុក្រឹត និងតម្លាភាពក្រោមវត្តមានរបស់ ភ្នាក់ងារគណបក្ស នយោបាយនីមួយៗ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មាន ដើម្បីពិនិត្យ ឃ្លាំមើល និងតវ៉ាក្នុងករណីមានភាពមិន ប្រក្រតីណាមួយកើតឡើង។

ទន្ទឹមនឹងនេះដែរ ស.ន.ក.ច. បានចូលរួមអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេច ហ៊ុន សែន ជាប្រធានគណបក្ស ដែលត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានបោះឆ្នោតគាំទ្រលើសលប់ ឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបន្តបម្រើប្រជាពលរដ្ឋតទៅអនាគត។ ជាមួយគ្នានេះដែរ ស.ន.ក.ច. សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាព ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាកំពូលថ្នាក់ដឹកនាំ ពោរពេញ ដោយសក្ដានុពល សម្រាប់បន្តវេនដឹកនាំប្រទេស បន្តការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕




