ភ្នំពេញ៖ កីឡាករ សៀង ចន្ធា អតីតសមាជិកក្រុមបឹងកេតរបស់ប្រទេសកម្ពុជា នឹងត្រូវចាកចេញពីទឹកដីកម្ពុជា ទៅចូលរួមក្លិបក្នុងប្រទេសកាតាក្នុងលក្ខខណ្ឌខ្ចីជើង នៅថ្ងៃទី២២ ខែកក្កដា។មុនចាកចេញពីទឹកដីកំណើត សៀង ចន្ធា ទទួលដំបូន្មានពីលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ប្រឹងពង្រឹងគុណភាពនៅកាតា ដើម្បីជួយជម្រើសជាតិ។
កីឡាករ សៀង ចន្ធា គឺខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកម្ពុជា មានវ័យត្រឹមតែ២០ឆ្នាំ បានក្លាយជាកីឡាករកម្ពុជាដំបូងគេដែលជាប់ទៅប្រកបអាជីពបាល់ទាត់នៅលីគទី២របស់ប្រទេសកាតាដែលជាប្រទេសអ្នកមានមួយលោកពិភពលោក។បើគ្មានការប្រែប្រួលនោះទេ សៀង ចន្ធា ត្រូវចាកចេញពីទឹកដីកម្ពុជា ទៅចូលរួមក្លិបក្នុងប្រទេសកាតាក្នុងលក្ខខណ្ឌខ្ចីជើង នៅថ្ងៃទី២២ ខែកក្កដា។
មុខចាកចេញពីកម្ពុជាលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួបសំណេះសំណាលផ្តាំផ្ញើទៅកាន់កីឡាករ សៀង ចន្ធា។លោកសៅ សុខា បានជូនពរឱ្យកីឡាករ សៀង ចន្ធា ទទួលបានជោគជ័យសម្រាប់ខ្លួនផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។សម្រាប់លោក សៅ សុខា ក្នុងពេលប្រកបអាជិពនៅប្រទេសកាតា ត្រូវពង្រឹងគុណភាពខ្លួនឯង បង្កើនសមត្ថភាពនៃការលេង ដើម្បីមកជួយក្រុមជម្រើសជាតិកម្ពុជានាពានរង្វាន់ផ្សេងៗនៅពេលខាងមុខ ។
គួរបញ្ជាក់ថា កីឡាករ សៀង ចន្ធា គឺខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកម្ពុជា និង ជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទីដែលបានចាប់ផ្ដើមអាជីពខ្លួននៅទីនោះពីឆ្នាំ២០១៤ ។សៀង ចន្ធា ជួយក្រុម U18កម្ពុជា យកឈ្នះលើក្រុមថៃ និង ក្រុមម្ចាស់ផ្ទះវៀតណាម ក្នុងពានរង្វាន់ AFF U18 ឆ្នាំ២០១៩ និង ចាប់ផ្ដើមល្បីឈ្មោះខ្លាំង ក្រោយពីរូបគេបានជួយក្រុម U-16 កម្ពុជាឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U-16 Championship 2016 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។