
សៀមរាប៖ គ្រូបង្រៀនកម្ពុជាចំនួន៤០រូប នៃសាលាបឋមសិក្សាវត្តបូព៌ ខេត្ដសៀមរាប បានទទួលវគ្គបណ្ដុះបណ្ដាលពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការបង្រៀន និងរៀន។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ កក្កដា ដោយបានសិក្សាជាមួយគ្រូជនជាតិកូរ៉េ។
វគ្គបណ្ដុះបណ្ដាលពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការបង្រៀន និងរៀនពីចម្ងាយ រៀបចំឡើងក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligent) ដើម្បីជំនួយដល់ការបង្រៀន-រៀន នៅតាមសាលារៀនដោយផ្នែកលើផែនការសកម្មភាព ស្របតាមបរិបទនៃបរិវត្តកម្មឌីជីថល ដោយបានចូលរួមចំណែកក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្រិតបឋមសិក្សាឲ្យកាន់តែមានលក្ខណៈប្រសើរឡើង។

គួរបញ្ជាក់ថា ក្រសួងអប់រំ បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ រយៈពេល០៤ឆ្នាំ (២០២០ – ២០២៤) ហើយត្រូវបានអនុវត្តនៅសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប ក្នុងគោលបំណងផ្ដល់ឱកាសសិក្សារៀនសូត្រប្រកបដោយគុណភាព និងសមធម៌ តាមរយៈការបញ្ជ្រាបនិងប្រើប្រាស់ ICT សម្រាប់ការអប់រំ ដែលអាចជួយឱ្យគ្រូបង្រៀន និងសិស្សានុសិស្សពង្រឹងសមត្ថភាពឲ្យទាន់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាពិភពលោក៕


