
សៀមរាប៖ ចម្លាក់«ព្រះព្រហ្ម»សាងពីស្ពាន់ កម្ពស់ ៧ម៉ែត្រ នឹងលេចចេញជារូបរាងនៅព្រលានយន្តហោះសៀមរាបថ្មី ដោយមានការសាងសង់រចនាប័ទ្មពីស្ថាបត្យករខ្មែរ។ គិតមកដល់បច្ចុប្បន្ននេះ សំណង់ចម្លាក់នេះស្ថាបនាបានប្រមាណ ៨៥% ហើយ បន្ទាប់ពីបានការអនុញ្ញាតិពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងរូបនីយវិទ្យានៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា បានឲ្យដឹងថា ក្រុមការងារសាងសង់ចម្លាក់«ព្រះព្រហ្ម»ដែលមានកម្ពស់៧ម៉ែត្រនេះ បានខិតខំទាំងថ្ងៃ ទាំងយប់ ដើម្បីឲ្យការធ្វើចម្លាក់ប៉ាន់ និងការសិតរូបមានភាពត្រឹមត្រូវ ប្រណីតភាព និងសមស្របតាមគំនូរប្លង់ សម្រាប់អ្នកជាន់ក្រោយអាចសិក្សាតាមបាន។

សូមជម្រាបថា គិតមកដល់ពេលនេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបានចំនួនជាង ៩៨%ហើយ ដែលគ្រោងដាក់ឱ្យដំណើរការហោះហើរ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានសមត្ថភាព ទទួលបានការចុះចតយន្តហោះរហូតដល់យន្តហោះធុនធំ ហើយនឹងជួយជំរុញកំណើនទេសចរណ៍នៅកម្ពុជាទាំងមូលផងដែរ៕
