Cctimesw1140xh150cm copy

កូនខ្មែររស់នៅបារាំងបើកយុទ្ធនាការ«ជិះកង់ឆ្លងកាត់៨ប្រទេស»ដើម្បីរកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ

យុវជន
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បារាំង៖ លោក ផូ ផល្លា ជាកូនខ្មែរម្នាក់ដែលបច្ចុប្បន្នលោករស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសអំពីផែនការបើកយុទ្ធនាការសប្បុរសធម៌មួយ ដែលជិះកង់ឆ្លងកាត់៨ប្រទេស ស្ថិតនៅក្នុងទ្វីអុីរ៉ុប ដើម្បីរៃអង្គាសប្រាក់ពីសប្បុរសជនជួយដល់មន្ទីពេទ្យមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

បើយោងតាមគេហទំព័រ Facebook លោកផ្ទាល់បានលើកឡើងថា ដោយមានការអនុញ្ញាតពី មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប គាត់នឹងជិះកង់ចំងាយ ៣.០០០ គីឡូម៉ែត្រ រយៈពេល ៤១ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងទីក្រុង និងឆ្លងកាត់ប្រទេសតំបន់អឺរ៉ុបមួយចំនួន ដូចជាបារាំង ស្វីស លុច្សសំបួរ បែលហ្សិច អង់គ្លេស អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់ ដើម្បីរៃអង្គាសប្រាក់ជូនមន្ទីរពេទ្យកុមារអង្គរ ។

លោក ផូ ផល្លា ក៏បានស្នើដល់ពលរដ្ឋកម្ពុជាទាំងអស់ឲ្យចូលរួមធ្វើដំណើរជាមួយលោក និងបរិច្ចាកប្រាក់ទៅកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប តាមរយៈ Scan QR Code ខាងក្រោម ដើម្បីរួមចំណែកនៅក្នុងបេសកម្មរបស់មន្ទីរពេទ្យ ក្នុងការធ្វើអោយប្រសើរឡើងនូវការគាំពារសុខភាពកុមារកម្ពុជា។

លោក ផូ ផល្លា មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង បានចាកចេញពីស្រុកកណើតទៅរស់នៅប្រទេសបារាំងនៅដើមឆ្នាំ ២០២២ តាមភរិយាដែលជាមន្ត្រីនៃស្ថានឯកអគ្គរាជទូតតំណាងព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងប៉ារីស។ លោកបាននិយាយថា តាមច្បាប់របស់ប្រទេសបារាំង ជាគ្រួសាររបស់មន្ត្រីការទូតដូចលោក គឺគេមិនអនុញ្ញាតឲ្យធ្វើការងារជាបុគ្គលិកពេញសិទ្ធិនៅទីណាមួយបាននោះទេ។

សព្វថ្ងៃលោក ផូ ផល្លា បានធ្ចើការស្ម័គ្រចិត្តផ្សេងៗនៅក្នុងប្រទេសបារាំង ហើយនៅពេលទំនេរ លោកតែងតែជិះកង់ដើម្បីសុខភាព ប៉ុន្តែលោកមើលឃើញពីតម្រូវការមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយដល់មន្ទីរពេទ្យកុមារកម្ពុជា ប្រកបដោយនិរន្តរភាព ទើបផ្ដើមនូវគំនិត ជិះកង់ឲ្យលើសពីលក្ខខណ្ឌសុខភាព ទៅជាជិះដើម្បីបានប្រយោជន៍ដល់កុមារកម្ពុជាឡើងវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង