
សៀមរាប៖ សាលាបារាំងចុងបូព៌ា (EFEO) នាថ្ងៃទី២០ កក្កដា អង្គរ បានប្រគល់វត្ថុបុរាណចំនួន ៣១កេស បដិមាព្រះពុទ្ធចំនួន០១ និង បំណែកសន្លឹកសីមាចំនួន០១ ដល់អាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកបន្ទាប់ពីបានសិក្សាស្រាវជ្រាវ និង រៀបចំបញ្ជីសារពើភណ្ឌរួចរាល់។
វត្ថុបុរាណទាំងអស់ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា ប្រគល់មកអាជ្ញាធរជាតិអប្សរា បានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរ ដូចជា គោកតាសៀម បឹងដូនប៉ា ប្រាសាទអ៊ុងម៉ុង ប្រាសាទបាភួន និងប្រាសាទព្រៃមន្ទីរ។

ក្រោយពីទទួលបានវត្ថុទាំងអស់នេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរានឹងរៀបចំទុកដាក់អភិរក្សតាមលក្ខណៈបច្ចេកទេស ហើយនៅថ្ងៃខាងនេះ អាជ្ញាធរជាតិនឹងរៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីតាំងបង្ហាញឱ្យសាធារណជនជាតិ និងអន្តរជាតិបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុដែលបានមកពីកំណាយនៅតាមការដ្ឋានស្រាវជ្រាវ និង ការដ្ឋានជួសជុលប្រាសាទមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរមកដល់អាជ្ញាធរជាតិអប្សរា៕
