វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមប្រមាណ ១.៣ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ី ដែលជាកញ្ចប់រួមទាំងសព្វាវុធការពារដែនអាកាស យន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកធន់ធ្ងន់។កញ្ចប់ថ្មីនេះរួមមានប្រព័ន្ធមីស៊ីលផ្ទៃដីទៅអាកាសកម្រិតខ្ពស់ជាតិចំនួនបួន (NASAMS) និងគ្រាប់រំសេវកាំភ្លើងធំ ១៥២ មិល្លីម៉ែត្រឧបករណ៍បោសសំអាតមីននិងយន្តហោះគ្មានមនុស្សបើក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីបញ្ចកោណចុះផ្សាយកាលពីម្សិលមិញនេះ។
មន្ទីរបញ្ចកោណបានផ្តល់ជំនួយផ្នែកសន្តិសុខជាង ១០,៨ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ក្រោមទីភ្នាក់ងារ USAI ក្នុងឆ្នាំសារពើពន្ធ ២០២៣ ក្នុងចំនួនប្រាំពីរដាច់ដោយឡែកពីគ្នា។ កញ្ចប់ដែលបានគ្រោងទុកនឹងជាលើកទីប្រាំបី។ នៅក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ទីក្រុងវ៉ាស៊ីនតោនបានដាក់មូលនិធិ USAI មានតម្លៃ ៦.៣ ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយទ្រទ្រង់ដល់កងកម្លាំងអ៊ុយក្រែនពីការឈ្លានពានរបស់រុស្សីមកលើដីរបស់ខ្លួន។
សហរដ្ឋអាម៉េរិកបានបញ្ជូនជំនួយជាង ៤០ ពាន់លានដុល្លារជាជំនួយផ្នែកសន្តិសុខ និងយោធាដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ ២០២២។កញ្ចប់នេះរួមមានគ្រាប់បែកពីរប្រភេទផ្សេងគ្នាគឺយន្តហោះគ្មានមនុស្សបើក Phoenix Ghost ផលិតដោយ AVEVEX ដែលជាក្រុមហ៊ុនឯកជននៅរដ្ឋកាលីហ្វ័រញ៉ា និង Switchblade ផលិតដោយក្រុមហ៊ុន AeroVironment ។
កាលពីដើមខែនេះ សហរដ្ឋអាម៉េរិកបានប្រកាសថា ខ្លួននឹងបញ្ជូនគ្រាប់បែកចង្កោមដល់អ៊ុយក្រែន ដែលហាមឃាត់ដោយប្រទេសជាង ១០០ ទៅអ៊ុយក្រែន។ ក្រុមសិទ្ធិមនុស្ស និងសម្ព័ន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាម៉េរិក រួមទាំងអាល្លឺម៉ង់ និងកាណាដា ជំទាស់នឹងការសម្រេចចិត្តរបស់អាម៉េរិក ដែលការបញ្ជូនគ្រាប់បែកប្រភេទនេះគឺជាការគំរាមគំហែងបែបថ្មីដល់សន្តិសុខនៃពិភពលោក៕