
ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលថ្មីៗនេះបានធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ល្បីរបស់ហុងកុង ដែលមានឈ្មោះថា Phoenix TV។ សម្តេចបាននិយាយអំពីខួបលើកទី១០ឆ្នាំ នៃគំនិតផ្តួចផ្តើម«ផ្លូវមួយ ខ្សែក្រវាត់មួយ»ដែលលើកឡើងដោយប្រទេសចិន សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាជាអ្នកទទួលផលពីគំនិតផ្តួចផ្តើម«ផ្លូវមួយ ខ្សែក្រវាត់មួយ» ។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសចិននិងកម្ពុជា មិនត្រឹមតែជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជាផងដែរ។
សម្តេចហ៊ុនសែន បានរម្លឹកពីប្រវត្តិនៃទំនាក់ទំនងមិត្តភាពដ៏ជិតស្និទរវាងប្រទេសចិននិងកម្ពុជា ដោយបានសង្កត់ធ្ងន់ថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនេះហើយបាននាំមកនូវកម្លាំងចលករដ៏ខ្លាំងក្លារក្នុងការជំរុញអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
ឆ្លើយនឹងសំណួរអ្នកយកព័ត៌មានមកពីទូរទស្សន៍Phoenix TV ដែលសួរថាប្រទេសចិននិងកម្ពុជាមានប្រវត្តិទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងណាស់មកហើយ តើសម្តេចយល់យ៉ាងណាដែរចំពោះទំនាក់ទំនងទ្វេភាគីរវាងចិននិងកម្ពុជា?
សម្តេចហ៊ុនសែនបានឆ្លើយយ៉ាងដូចឆ្នេះថា៖ មកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជានិងចិន អាចចាត់ទុកថាជាទំនាក់ទំនងគំរូ។ ខ្ញុំហ៊ាននិយាយថាជាទំនាក់ទំនងគំរូដោយសារតែយើងឃើញទំនាក់ទំនងនេះវាបានផ្តល់ផលប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា។ ឥឡូវជាខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើម«ផ្លូវមួយ ខ្សែក្រវាត់មួយ» ផ្លូវរាប់ពាន់គីឡូមែត្រ ស្ពានឆ្លងទន្លេធំៗបាននិងកំពុងសាងសង់ ដាក់អោយប្រើប្រាស់ ប្រព័ន្ធធារាសាស្រ្ត អគ្គីសនី និងសេចក្តីប្រើប្រាស់ដទៃទៀតត្រូវបានបំពេញដោយចិន ។ អញ្ចឹងយើងគឺជាប្រទេសដែលទទួលបានផលប្រយោជន៍ដ៏ល្អពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយបានប្រសិទ្ធិនាមដោយប្រធានាធិបតីស៊ី ជីងពីង ថាជាមិត្តដែកថែប។
សម្តេចហ៊ុនសែនបានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ជិតស្និទរវាងប្រទេសទាំងពីរ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា។
អ្នកយកព័ត៌មានមកពីទូរទស្សន៍Phoenix TV បានសួរទៅសម្តេចថា ៖ ទំនាក់ទំនងដ៏ជិតស្និទរវាងប្រទេសកម្ពុជានិងចិន តើមានផលប្រយោជន៍និងហនិភ័យអ្វីខ្លះ? ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និង វិស័យសន្តិសុខ?
សម្តេចហ៊ុនសែនបានមានប្រសាសន៌ថា ចិនគឺប្រទេសដែលផ្គត់ផ្គង់វត្ថុធាតុដើមអោយប្រទេសកម្ពុជាច្រើនបំផុត។ បើគ្មានការផ្គត់ផ្គង់វត្ថុធាតុដើមពីចិនមកកម្ពុជានោះទេ កម្ពុជាមិនអាចមានឧស្សាហកម្មផលិតសម្រាប់កែច្នៃហើយនាំចេញទៅក្រៅប្រទេសបានទេ។ អញ្ចឹងចំណុចនេះ តួនាទីរបស់ចិនពិតជាធំ ហើយចិនបានជួយកម្ពុជា ខ្ញុំនិយាយដោយចំហនៅពេលនេះ ។ មុននេះខ្ញុំច្រើនតែនិយាយ ជាមួយមេដឹកនាំចិន និងសហការីរបស់ខ្ញុំតែប៉ុណ្ណោះ ដែលខ្ញុំអាចនិយាយបានថា ចិនជួយកម្ពុជាមិនមែនគ្រាន់តែអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនោះទេ តែចិនបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា។ ជារៀងរាល់ឆ្នាំយើងខ្ញុំតែងតែដាក់គម្រោងទៅអោយមិត្តចិន យើងខ្ញុំត្រូវការធ្វើផ្លូវនេះ យើងខ្ញុំត្រូវការធ្វើផ្លូវនោះ គឺតែងតែដាក់ជាក់លាក់ទៅសម្រាប់ស្នើសុំឥណទានអនុគ្រោះ។ អញ្ចឹងអ្វីដែលល្អបំផុតគឺ ចិនតែងតែគោរពនូវការចង់បានរបស់កម្ពុជា។ ឥណទានគឺជាឥណទានរបស់ចិន ប៉ុន្តែចិនគោរពថាកម្ពុជាត្រូវការធ្វើអ្វីមុន ត្រូវការធ្វើអ្វីក្រោយ នេះគឺជាចំណុចល្អនៃការធ្វើការជាមួយគ្នា។
យោងតាមតាមរបាយការណ៍ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានអោយដឹងថា នៅក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តសរុបចំនួន១៨៦គម្រោង ក្រោមទុនវិនិយោគ ៤០៣២លានដុល្លារអាមេរិក ដែលក្នុងនោះវិនិយោគដោយប្រទេសចិនមានចំនួន១៦៩៤លានដុល្លារអាមេរិក ស្មើនឹង៤២%នៃទុនវិនិយោគសរុប។ ប្រទេសចិននៅតែជាប្រទេសវិនិយោគធំជាងគេក្នុងប្រទេសកម្ពុជា បន្ទាប់មកគឺប្រទេសថៃនិងជប៉ុន៕