វៀតណាម៖ ព្យុះទីហ្វុងតាលីមបានបកបោកមកដល់ប្រទេសវៀតណាមបន្ទាប់ពីបានឆ្លងកាត់ប្រទេសចិន។រដ្ឋាភិបាលវៀតណាមបានជូនដំណឹងឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលផ្ទះជាង ៣០,០០០ខ្នង នៅក្នុងតំបន់បានរងផលប៉ះពាល់ដោយសារឥទ្ធិពលនៃខ្យល់ព្យុះនេះ ពលរដ្ឋក្នុងតំបន់ហានិភ័យត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្តិភាព។ នៅឈូងសមុទ្រ Halong ខេត្ត Quang Ninh ដែលជាគោលដៅទេសចរណ៍កំពូលរបស់វៀតណាម មានទូកទេសចរណ៍ត្រូវបានហាមប្រាមមិនអោយធ្វើដំណើរដោយសារអាកាសធាតុប្រែប្រួលខ្លាំងក៏បានបណ្តាលឱ្យមានការលុបចោលជាច្រើន នៅក្នុងវិស័យទេសចរណ៍ក្នុងប្រទេសវៀតណាម។
លោក Le Hong Nguyen ប្រធានក្រុមទូកទេសចរណ៍បានអះអាងថានៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍បានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនដោយសារតែបញ្ហាខ្យល់ព្យុះតាលីម។ ប៉ុន្តែដើម្បីជៀសវាងការខូចខាត គឺត្រូវមានការប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះតាលីមនេះ លោកអំពាវនាវឲ្យពលរដ្ឋទុកដាក់សម្ភារៈមានតម្លៃ និងរកទីតាំងនៅក្នុងតំបន់ដែលមានសុវត្ថិភាព។
យោងតាមការព្យាករណ៍របស់អាជ្ញាធរឧតុនិយមវៀតណាមឲ្យដឹងថាទោះបីជាល្បឿនខ្យល់របស់វាបានថយចុះបន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសវៀតណាមក៏ដោយ ក៏ព្យុះតាលីមបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើននៅភាគខាងជើងនៃប្រទេសវៀតណាម។ ហើយភ្លៀងត្រូវបានគេរំពឹងថានឹងបន្តដល់ចុងសប្តាហ៍នេះ ដោយតំបន់ខ្លះរំពឹងថានឹងមានភ្លៀងធ្លាក់កកកុញលើសពី ៣៥០ មីលីម៉ែត្រ៕