ភ្នំពេញ៖ លោក អ៊ូ តុងហួរ និងយុវជនបីរូបផ្សេងទៀតសហការគ្នា បង្កើតអាជីវកម្មផ្តោតលើការនាំចូលសម្លៀកបំពាក់បុរសបែបផ្លូវការដើម្បីចូលរួមចំណែកលើកស្ទួយការស្លៀកពាក់បែបសុភាពបុរស ឱ្យបានត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា។
លោក អ៊ូ តុងហួរដែលមានឈ្មោះក្រៅថា Key បច្ចុប្បន្នជាសហស្ថាបនិកមួយរូបក្នុងចំណោមសហស្ថាបនិក៤រូប នៃ Attire Lounge និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោក និងក្រុមការងារបានចាប់ផ្តើមអាជីវកម្មដែលមានឈ្មោះថា Attire Lounge តាំងពីដើមឆ្នាំ២០២៣មកម្ល៉េះជាមួយនឹងបងស្រីរបស់ខ្លួនឈ្មោះ អ៊ូ ឡៃហួយ និងដៃគូអាជីវកម្មពីររូបផ្សេងទៀតដែលមានបទពិសោធន៍ផ្សេងៗគ្នាគឺ លោក អ៊ុង ប៉េងអាន និងកញ្ញា ប៉ែន ឧត្តមរ័ត្ន។
បើតាមលោក Key បានឱ្យដឹងថា ថ្វីត្បិតតែកើតនៅក្នុងគ្រួសារដែលមានបទពិសោធន៍ច្រើននៅក្នុងការប្រកបអាជីវកម្មក៏ពិតមែន តែ Attire Lounge ជាអាជីវកម្មទីមួយដែលលោកបានចាប់ផ្តើមចូលរួមប្រឡូកដោយផ្ទាល់នៅវ័យ២៩ឆ្នាំជាមួយនឹងដៃគូ៣រូបផ្សេងទៀត។ បន្ថែមពីនេះ សហស្ថាបនិកទាំងបួនរូបមិនធ្លាប់មានបទពិសោធន៍បើកអាជីវកម្មកន្លងមកនោះឡើយ។
កម្រិតនៃបទពិសោធន៍អាជីវកម្មមិនអាចរារាំងឆន្ទៈរបស់យុវជនទាំងបួនរូបក្នុងការបន្តអាជីវកម្មមួយនេះនោះឡើយដោយសារតែសហស្ថាបនិកទាំងបួនរូបមានបទពិសោធន៍ផ្សេងៗគ្នាពីវិស័យការងារដែលជាទុនក្នុងការដំណើរការអាជីវកម្មមួយនេះទៅដោយរលូន ជាក់ស្តែង បងស្រីរបស់លោកធ្លាប់បានប្រឡូកក្នុងវិស័យផ្គត់ផ្គត់ច្រើន ដូចនេះសម្រាប់ការនាំចូលគឺបងស្រីរបស់លោកមានជំនាញជាក់លាក់មិនមានភាពលំបាកនោះឡើយ។ ចំណែកឯលោក អ៊ុង ប៉េងអាន កញ្ញា ប៉ែន ឧត្តមរ័ត្ន និងលោក Key មានបទពិសោធន៍ច្រើនឆ្នាំក្នុងការប្រើប្រាស់សម្លៀកបំពាក់បែបផ្លូវការដែលមានទេពកោសល្យនៅក្នុងការប្រឹក្សាជាមួយនឹងអតិថិជនដើម្បីជ្រើសរើសសម្លៀកបំពាក់ឱ្យត្រូវតាមតម្រូវការអតិថិជនក្នុងបរិបទរបស់ពួកគេ។
លោក Key បានបន្តទៀតថា មូលហេតុដែលលោកនិងដៃគូសម្រេចចិត្តក្នុងការបើកអាជីវកម្មនេះគឺដោយសារតែឃើញពីចន្លោះប្រហោងនៃការផ្តល់ការប្រឹក្សាអតិថិជនជ្រើសរើសសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវក្នុងការចូលរួមកម្មវិធី ដូចនេះក៏សម្រេចចិត្តបង្កើតអាជីវកម្មមួយនេះឡើងដើម្បីបំពេញតម្រូវការអតិថិជននៅក្នុងតំបន់ជាមួយនឹងការនាំចូលនូវសម្លៀកបំពាក់បែបសុភាពបុរសប្រចាំថ្ងៃ និងបែបផ្លូវការ មកពីក្រៅប្រទេសមួយចំនួនដូចជាប៉ែកខាងអ៊ឺរ៉ុប វៀតណាម ថៃ និងហុងកុងជាដើម។ គោលបំណងនៃការបង្កើតអាជីវកម្មនេះគឺមិនមែនគិតតែរឿងលក់មួយមុខនោះឡើយ គឺលោកមានបំណងក្នុងការបង្កើនភាពជឿជាក់របស់សុភាពបុរសស្លៀកពាក់ឱ្យបានត្រឹមត្រូវតាមរដូវកាលនៃកម្មវិធីដើម្បីអាចបង្កើនទំនុកចិត្ត។
លោក Key បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍បន្តទៀតថា ការស្លៀកពាក់សម្លៀកបំពាក់ឱ្យបានត្រឹមត្រូវជារឿងសំខាន់ដែលសុភាពបុរសគួរយកចិត្តទុកដាក់ព្រោះវាអាចបង្ហាញពីចរិតលក្ខណៈ ភាពហ្មត់ចត់ និងភាពជឿជាក់របស់យើងបាន។ ជាពិសេសនៅពេលដែលស្លៀកពាក់ត្រឹមត្រូវតាមកាលៈទេសៈ បង្ហាញពីការផ្តល់តម្លៃឲ្យខ្លួនឯង អ្នកជុំវិញខ្លួន ក៏ដូចជាពីម្ចាស់កម្មវិធីផងដែរ។
ក្រៅពីនេះ លោក Key បានបង្ហាញជាក្តីសង្ឃឹមថា បច្ចុប្បន្នលោកនឹងបើកអាជីវកម្មសម្លៀកបំពាក់របស់បុរសសិន ដោយសារតែខ្លួន និងដៃគូមានបទពិសោធន៍ក្នុងការស្លៀកពាក់បែបសុភាពបុរសប្រចាំថ្ងៃ និងបែបផ្លូវការច្រើនជាង។ តែនៅពេលខាងមុខ លោកនិងក្រុមការងារមានបំណងក្នុងការបំពេញតម្រូវការសម្លៀកបំពាក់បែបផ្លូវការរបស់នារីផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសម្លៀកបំពាក់ភាគច្រើនគឺនាំចូលពីក្រៅប្រទេស តែលោកក៏កំពុងតែព្យាយាមសិក្សាស្វែងយល់ពីដៃគូនៅក្នុងស្រុកដែលមានរចនាសម្លៀកបំពាក់ផ្លូវការផងដែរ។
ជាចុងក្រោយ លោកមានសារផ្តាំទៅកាន់អ្នកដែលកំពុងតែធ្វើការពេញម៉ោងដែលមានបំណងក្នុងការបើកអាជីវកម្មថា ការបើកអាជីវកម្មតម្រូវឱ្យស្ថាបនិកមានការត្រៀមចិត្តជាមួយនឹងការឡើងចុះនៃតម្រូវការទីផ្សារនិងចំណូលមួយដែលមិនមានភាពថិតថេរដោយសារតែការបើកអាជីវកម្មគឺអាស្រ័យលើតម្រូវការអតិថិជនជាក់ស្តែងមិនមានប្រាក់ចំណូលថេរដូចពេលធ្វើការនោះឡើយ ដូចនេះប្រសិនបើមិនអាចត្រៀមចិត្តក្នុងការគ្រប់គ្រងវាបាននោះវានឹងអាចឈានទៅការបោះបង់ពាក់កណ្តាលទីជាមិនខាន៕