
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរមីន គ្រោងប្រកាសខេត្តចំនួន៦ ដែលគ្មានមីន គឺខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
បើតាមលោក លី ធុជ បានថ្លែងថា ការងារបោសសំអាតមីននេះបានរកឃើញគ្រាប់រំសែវរាប់លានគ្រាប់ក្នុង នោះមានគ្រាប់មីន ប្រឆាំងមនុស្សជាង១,១៧៥,០០០គ្រាប់, គ្រាប់មីនប្រឆាំងរយថន្ត ក្រោះមានជាង ២៦,២២២គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣,០៧០,៥២៦គ្រាប់។ គ្រាប់មីននេះ ហើយដែលសម្លាប់មនុស្ស និងធ្វើឱ្យប្រជាពលរដ្ឋ ពិការភាពជាង៦ម៉ឺន ៥ពាន់នាក់។
ជាមួយគ្នានេះ លោក លី ធុជ បានបញ្ជាក់ថា ជាង៣០ឆ្នាំមកនេះ កម្ពុជាទទួលជោគជ័យយ៉ាងធំធេងក្នុងការងារបោសសម្អាត គ្រាប់មីនលើទឹកដីជាង ២ ៧៩៤ គីឡូម៉ែត្រ ការ៉េ ដែលជាទឹកដីធំជាងគេក្នុងពិភពលោក បើធៀប នឹងប្រទេសជាង៣០ ដែលមានទឹកដីមានគ្រាប់មីនដូចគ្នា។

ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា គ្រាប់មីន និងគ្រាប់ជាតិផ្ទុះផ្សេងទៀតដែលបានរកឃើញ សរុបប្រមាណជាង៤លានគ្រាប់ ហើយត្រូវបានកម្ទេចចោលទាំងស្រុងលើទឹកដីកម្ពុជា ហើយវាមិន អាចធ្វើឱ្យមានបញ្ហាដល់ ប្រជាពលរដ្ឋទៀតទេ។ ដីដែលបានដោះគ្រាប់រួច បានប្រគល់ជូនប្រជា ពលរដ្ឋធ្វើស្រែចម្ការមានជាង ២,៧៩៤ម៉ែត្រឡា ជាដីដែល សុវត្ថិភាពយូរអង្វែង។
លោក លី ធុជ ក៏បានឱ្យដឹងថា ផែនការបោសសម្អាតមីនឆ្នាំ២០២៤-២០២៥ លើកផ្ទៃដី៣៥៨គីឡូម៉ែត្រការ៉េ ត្រូវការថវិកា ៧៨លានដុល្លារ។ ផ្ទៃដីមានមីននេះ មិនទាន់រាប់បញ្ចូលនូវចម្ការមីនថ្មីៗដែលប្រតិបត្តិករជាតិ អន្តរជាតិបន្តរកឃើញជាបន្តបន្ទាប់ ដោយកំពុងបញ្ជូនមកអាជ្ញាធរមីនដើម្បីត្រួតពិនិត្យ និងវាយតម្លៃ។
គួរបញ្ជាក់ថា ទាក់ទិននឹងការងារបោសសម្អាត់មីននេះ បើរបាយការណ៍របស់ អាជ្ញាធរមីន បានឱ្យដឹងថា អ្នកដោះមីនបានជួបគ្រោះថ្នាក់ក្នុងប្រតិបត្តិការបោសសម្អាតមីន ក្នុងនោះបានបាត់បង់អាយុជីវិត ពិការភាព និងរបួសសរុប ១៥៥នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន ៣១នាក់៕