ភ្នំពេញ៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា ភាពចាស់ទុំរបស់អ្នកនយោបាយ និងបទពិសោធន៍របស់មន្ត្រីគ.ជ.បបានធ្វើឱ្យការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំងអស់ក្នុងរយៈពេលជិត២០ថ្ងៃកន្លងមកនេះ គឺមានដំណើរការល្អ ប្រព្រឹត្តិទៅដោយរលូន និងគ្មានអំពើហិង្សា។
លោក ហង្ស ពុទ្ធា បានមានលើកឡើងថា ជិត២០ថ្ងៃ នៃអំឡុងពេល នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ គឺមានដំណើរការល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ហើយក៏មិនមាន បាតុភាពធំដុំណាមួយកើតឡើងនោះដែរ។ ដំណើរការល្អប្រសើរនេះ ក៏ដោយសារតែ ភាពចាស់ទុំរបស់គណបក្ស ដោយសារតែបទពិសោធន៍របស់មន្ត្រី គ.ជ.ប បានសហការជាមួយក្រសួងការពារជាតិ ក្រសួងមហាផ្ទៃផងដែរ ពោលគឺខាង គណៈអចិន្ត្រៃយ៍សន្តិសុខបោះឆ្នោត ក៏លោកបានបំពេញតួនាទីបានត្រឹមត្រូវ។
លោក ហង្ស ពុទ្ធា បានបន្តថា ជាមួយគ្នានោះ អាជ្ញាធរដែនដីក៏បានសហការតម្រាយផ្លូវជាមួយគណបក្សនយោបាយ , គណកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោតដើម្បីជជែកគ្នាធ្វើយ៉ាងណាកុំឱ្យការហែក្បួនដោយមិនឱ្យមានការប៉ះទង្គិចគ្នារបស់គណបក្សនយោបាយដែលមានទស្សនៈនយោបាយផ្ទុយគ្នាជាដាច់ខាត ។
បើតាមលោក ហង្ស ពុទ្ធា លទ្ធផលនៃការឃោសនារកសំឡេងឆ្នោតក្នុងរយៈពេលកន្លងមកនេះ បានបង្ហាញពីការរីកចម្រើននូវដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងវិស័យបោះឆ្នោតនៅកម្ពុជា។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧មានគណបក្សនយោបាយចំនួន១៨បានចូលរួមប្រកួតប្រជែង។ ដោយឡែកការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានប្រព្រឹត្តឡើយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខណៈការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ៕