Cctimesw1140xh150cm copy

អ្នកជំនាញ«សង្រ្គាម»ព្រមានចិននិងអាម៉េរិកអាចនឹងផ្ទុះជម្លោះជាមួយគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងជាអ្នកជំនាញរៀបចំសេណារីយ៉ូសង្រ្គាមគឺ លោក Henry Kissinger បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ស្វែងរកផ្លូវរួមរស់ជាមួយគ្នាដោយសន្តិវិធី។ អ្នកការទូតវ័យ ១០០ ឆ្នាំរូបនេះបានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយរដ្ឋមន្ត្រីការពារជាតិ Li Shangfu កាលពីថ្ងៃអង្គារដែលជាដំណើរទស្សនកិច្ចដើម្បីពិភាក្សាអំពីស្ថានភាពសន្តិសុខមួយចំនួន។

អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងជាអ្នកជំនាញរៀបចំសេណារីយ៉ូសង្រ្គាម លោក Henry Kissinger

បើតាមអ្នកជំនាញសង្រ្គាមរូបនេះបានឲ្យដឹងថា “សហរដ្ឋអាម៉េរិក និងចិនគួរតែលុបបំបាត់ការយល់ច្រឡំ រួមរស់ជាមួយគ្នាដោយសន្តិភាព និងជៀសវាងការប្រឈមមុខដាក់គ្នា ដោយប្រវត្តិសាស្ត្រ និងការអនុវត្តបានបង្ហាញជាបន្តបន្ទាប់ថា ទាំងសហរដ្ឋអាម៉េរិក និងចិន មិនអាចមានលទ្ធភាពចាត់ទុកភាគីម្ខាងទៀតជាសត្រូវនោះទេ”។ លោក Kissinger បានជំរុញឱ្យភាគីទាំងពីរ "ប្តេជ្ញាចិត្ត" និងធ្វើការជាមួយគ្នាដោយខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនង និង "និងរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក" ។

ចំណែក លោក Li Shangfu រដ្ឋមន្ត្រីការពារជាតិចិន បានចាត់ទុកទំនាក់ទំនងរវាងចិន និងអាម៉េរិកថា កំពុងស្ថិតក្នុងចំណុចទាប ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ដោយសារតែសហរដ្ឋអាម៉េរិកតែងតែបង្កភាពចលាចលជានិច្ចនៅទូទាំងអ៊ឺរ៉ុប និងទ្វីបអាស៊ី។

លោក Li អះអាងថាប្រទេសចិននៅតែប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងប្រកបដោយស្ថិរភាព និងស្ថាបនាជាមួយសហរដ្ឋអាម៉េរិក ស្របតាមរូបមន្ត “គោលការណ៍បី” របស់ប្រធានាធិបតី Xi Jinping នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

លោក Kissinger ដែលទើបមានអាយុ ១០០ ឆ្នាំបានបម្រើការជារដ្ឋលេខាធិការអាម៉េរិក (១៩៧៣-១៩៧៧) និងជាទីប្រឹក្សាសន្តិសុខជាតិ (១៩៦៩-១៩៧៥) ដល់ប្រធានាធិបតី Richard Nixon និង Gerald Ford ។ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមវៀតណាម ក៏ដូចជាការធ្វើឱ្យមានទំនាក់ទំនងប្រសើរឡើងវិញជាមួយទីក្រុងប៉េកាំងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាម៉េរិកមួយចំនួនចាប់ពីរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ទៅរដ្ឋមន្ត្រីរតនាគារ Janet Yellen៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង