
ភាពយន្តឯកសារ«មិត្តនិរន្តរ៍នៃខ្មែរ» ដែលសហការផលិតដោយទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ប្រទេសចិនមានរយៈពេល ៤៦នាទី ។
ចំណងជើងថា «មិត្តនិរន្តរ៍នៃខ្មែរ»គឺបានមកពីពាក្យ “ឱចិនប្រជាមានិត ជាមិត្តនិរន្តរ៍នៃខ្មែរ”ក្នុងបទចម្រៀង «ស្រណោះប្រទេសចិន» ដែលជាព្រះរាជនិពន្ធរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ភាពយន្តឯកសារនេះបានផ្តោតលើមិត្តចិនដែលបានផ្តល់ការគាំទ្រពេញទំហឹងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជានិងចិន កត់ត្រាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា និង ចិន ដើម្បីធ្វើឱ្យព្រឹត្តិការណ៍កីឡានេះអនុវត្តទៅដោយរលូន រួមទាំងការផ្ទេរបច្ចេកទេសគ្រប់គ្រងពហុកីឡដ្ឋានជាតិកម្ពុជា ការហាត់សមសម្តែងក្នុងពិធីបើកស៊ីហ្គេម និង ការហ្វឹកហាត់នៃអត្តពលិកកម្ពុជានៅក្នុងប្រទេសចិន។
ការថតភាពយន្តឯកសារនេះបានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២៣នេះ ក្នុងអំឡុងពេលថតរឿង ក្រុមការងារថតរួមកម្ពុជា-ចិនបានទទួលការគាំទ្រយ៉ាងខ្លាំងពីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតចិនប្រចាំនៅកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា និងប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុ និងទូរទស្សន៍ក្វាងស៊ី ប្រទេសចិន បានបន្តស្វែងយល់ កត់ត្រា និង ពិពណ៌នារឿងរ៉ាវអំពីមិត្តភាពកម្ពុជា-ចិនក្នុងយុគសម័យថ្មី តាមទម្រង់នៃភាពយន្តឯកសារដែលភាគីទាំងពីរបានសហការផលិត។
ភាគីទាំងពីរបានរួមគ្នាផលិត និងបានចាក់ផ្សាយភាពយន្តឯកសារនាពេលកន្លងមកដូចជា «ផ្ទះស្ថិតនៅកន្លែងភ្នំបៃតងទឹកថ្លា៖ទំនុកចិត្តប្រៀបដូចដើមឈើ » «ការប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងមន្ទីរពេទ្យមួយ» «ផ្ទះស្ថិតនៅកន្លែងភ្នំបៃតងទឹកថ្លា៖ជីវភាពកាន់តែល្អប្រសើរ» «មនោសញ្ចេតនារួមសុខរួមទុក្ខរវាងចិននិងកម្ពុជា»និង«ឈូងសមុទ្រមួយពិភពលោកតែមួយ» ភាពយន្តឯកសារទាំងនេះបានកត់ត្រារឿងរ៉ាវនៃប្រទេសកម្ពុជានិងចិនក្នុងការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ច្រកផ្លូវថ្មីរវាងដីគោកនិងសមុទ្រនិងការចាប់ដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩យ៉ាងពិតប្រាកដ។
នៅឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលស្របពេលនឹងខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន និងឆ្នាំមិត្តភាពកម្ពុជា-ចិន។ ទូរទស្សន៍ជាតិកម្ពុជាក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិដ៏សំខាន់ បានសហការជាមួយដៃគូប្រព័ន្ធផ្សព្វផ្សាយចិន ដើម្បីអនុវត្តការថតនៅរាជធានីភ្នំពេញ និងខេត្តក្វាងស៊ី ប្រទេសចិន។ «ភាពយន្តឯកសារ«មិត្តនិរន្តរ៍នៃខ្មែរ»បានប្រើវិធីនិទានរឿងទ្វេភាគី ដោយរៀបរាប់អំពីប្រជាជនកម្ពុជានិងចិន ដែលពិតជាបានឆ្លុះបញ្ចាំងពី ទំនាក់ទំនងមិត្តដែកថែបក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា-ចិន ហើយបានឈានដល់កម្រិតថ្មីមួយក្នុងយុគសម័យថ្មីនេះ។
ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ប្រទេសចិន ក៏នឹងចាក់ផ្សាយខ្សែភាពយន្តឯកសារនេះក្នុងពេលដូចគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដែលស្ថានីយទាំងពីរ រួមគ្នាអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន។


