ភ្នំពេញ៖ យុវជន ស្រូយ មេសា សិក្សាលើជំនាញ វិស្វកម្មមេកានិក ឆ្នាំទី3 នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ធ្លាប់បានចូលរួមប្រកួតកម្មវិធីរ៉ូបូតថ្នាក់ជាតិកាលពីឆ្នាំ២០២២ ទទួលបានជ័យលាភីលេខ ៥ បានយល់ដឹងច្រើនពីការបង្កើតរ៉ូបូត ធ្វើឱ្យមានឆន្ទៈបន្តចូលរួមម្តងទៀតនៅឆ្នាំ២០២៣ ប្រកួតជាក្រុមរហូតបានជ័យលាភីលេខ១។
យុវជន មេសា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកបានចូលរួមកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិម្តងកាលពីឆ្នាំ២០២២ តែទទួលបានចំណាត់ថ្នាក់លេខ៥ ។ បទពិសោធន៍នៃការប្រឡូកក្នុងវិស័យរ៉ូបូតនេះបានជម្រុញឱ្យយុវជនរូបនេះកាន់តែមានចិត្តស្រលាញ់បច្ចេកវិទ្យានិងស្វែងយល់បន្តទៀតពីវា ធ្វើឱ្យយុវជនវ័យ២១ឆ្នាំរូបនេះ សម្រេចចិត្តដាក់ពាក្យម្តងទៀតនៅឆ្នាំ២០២៣ជាមួយនឹងក្រុមនិស្សិតដែលមកពីសាលា NPIC ដើម្បីចូលរួមប្រកួត។
បើតាម យុវជន មេសា បានឱ្យដឹងថាមូលហេតុដែលខ្លួនចូលរួមសារជាថ្មីម្តងទៀតដោយសារតែឃើញថាវិញ្ញាសានៃការប្រកួតរ៉ូបូតមានភាពគួរជាទីចាប់អារម្មណ៍ដែលខ្លួនសង្ឃឹមថានឹងអាចពង្រឹងជំនាញរបស់ខ្លួនបន្តទៀតក្រៅពីជំនាញដែលមានស្រាប់ ជាពិសេសគឺអាចមានឱកាសក្នុងការពង្រឹងសមត្ថភាពក្នុងការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហាជាមួយនឹងបច្ចេកវិទ្យា និងអាចផ្តោះប្តូរគំនិតនិងចំណេះដឹងជាមួយនឹងសមាជិកផ្សេងទៀតដែកមកពីមហាវិទ្យាល័យបីជំនាញផ្សេងគ្នានៅសាលា NPIC ។
គួរបញ្ជាក់ផងដែរថា យុវជនមេសា កូនអ្នកខេត្តកណ្តាលរូបនេះ ជាសមាជិកមួយក្នុងចំណោមសមាជិក៩នាក់ផ្សេងទៀតដែលមកពីក្រុម NPIC02 ដែលបានជ័យលាភីលេខ១ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិឆ្នាំ២០២៣ ពីការប្រកួតវិញ្ញាសាជាមួយនឹងក្រុមនិស្សិតមកពីបណ្តាសាកលវិទ្យាល័យផ្សេងៗនៅកម្ពុជា ដែលបានប្រកួតដោយបង្កើតរ៉ូបូតតំណាងឱ្យទន្យាយ និងដំរី ដែលមានតួនាទីក្នុងការចាប់កងដើម្បីបោះចូលបង្គោល។
យុវជនរូបនេះបានចែករំលែកថា ជំនាញវិស្វកម្មមេកានិក ជាជំនាញដែលខ្លួនមានបំណងក្នុងការសិក្សាតាំងពីនៅថ្នាក់ទី១២ នៅវិទ្យាល័យខ្សាច់កណ្តាល មកម្ល៉េះដោយបានសង្កេតឃើញថា ជំនាញនេះនឹងអាចធ្វើឱ្យខ្លួនអាចមានការប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគត រួមទាំងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសដោយប្រើបច្ចេកវិទ្យាឱ្យបានកាន់តែច្រើនផងដែរ។
យុវជន មេសា បានរៀបរាប់បន្តទៀតថា ទៅថ្ងៃខាងមុខ លោកចង់ប្រកបការងារដែលទាក់ទងនឹងជំនាញដែលខ្លួនកំពុងសិក្សានេះនៅរោងចក្រដែលប្រើបច្ចេកវិទ្យាដើម្បីអាចយកជំនាញដែលបានសិក្សាទៅអនុវត្តផ្ទាល់បន្ថែមទៀតក្នុងការលើកស្ទួយវិស័យបច្ចេកវិទ្យាបន្ថែមទៀត។
ជាចុងក្រោយ យុវជន មេសា មានសារផ្តែផ្តាំក្នុងការជម្រុញទឹកចិត្តទៅកាន់សិស្សប្អូនជំនាន់ក្រោយថា ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងគប្បីព្យាយាមចាប់យកជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាសិក្សាឱ្យបានច្រើនដើម្បីជាការចូលរួមចំណែកក្នុងការពន្លឿនវិស័យបច្ចេកវិទ្យានៅកម្ពុជាឱ្យកាន់តែមានសម្បូរបែប ព្រោះថាវាមានសារៈសំខាន់សម្រាប់សង្គមជាតិស្ទើរគ្រប់ទម្រង់នៃការងារ៕