Cctimesw1140xh150cm copy

អ៊ុន ស៊ុនម៉ី ជំនះរៀនជំនាញអគ្គិសនីទោះធ្លាប់រងការបង្អាប់ ថាវាមិនមែនជាជំនាញមនុស្សស្រី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិត អ៊ុន ស៊ុនម៉ី សិក្សាជំនាញអគ្គិសនីឆ្នាំទី៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ធ្លាប់ទទួលបានការបង្អាប់ថាមិនគួររៀនជំនាញអគ្គិសនីព្រោះវាមិនមែនជាជំនាញរបស់មនុស្សស្រី។ ទោះជាមិនមានការលើកទឹកចិត្តឱ្យសិក្សាជំនាញនេះ កញ្ញា នៅតែបន្តសិក្សាជំនាញអគ្គិសនី ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។

និស្សិត អ៊ុន ស៊ុនម៉ី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាមានចំណាប់អារម្មណ៍នៅក្នុងការសិក្សាជំនាញអគ្គិសនីតាំងពីខ្លួនកំពុងសិក្សានៅថ្នាក់ទី១០ ក្នុងវិទ្យាល័យមកម៉្ល៉េះ ដែលមិនធ្លាប់មានការប្រែប្រួលចំពោះក្តីស្រមៃមួយនេះឡើយ។ ដោយសារតែការស្រលាញ់ជំនាញនេះ យុវតីរូបនេះតែងតែខិតខំសិក្សាស្រាវជ្រាវដើម្បីដឹងស៊ីជម្រៅពីជំនាញមួយនេះដើម្បីអាចមានការយល់ដឹងកាន់តែខ្ពស់ពីមុខវិជ្ជាដែលនឹងសិក្សាបូកផ្សំជាមួយនឹងឱកាសការងារដែលទីផ្សារត្រូវការពីជំនាញនេះផងដែរក្នុងកំឡុងពេលសិក្សានៅថ្នាក់វិទ្យាល័យនៅខេត្តកំពត។

បន្ថែមពីនេះ ស៊ុនម៉ី តែងតែសាកសួរទៅកាន់បងស្រីជីដូនមួយរបស់ខ្លួនដែលជានិស្សិតស្រីដែលបានកំពុងនឹងរៀនជំនាញអគ្គិសនីនេះជាក់ស្តែងដើម្បីបានយល់ដឹងកាន់តែច្បាស់ពីជំនាញមួយនេះ។ ក្រោយពេលបានដឹងពីជំនាញមួយនេះកាន់តែច្រើនពីបងស្រីរបស់ខ្លួន យុវតីរូបនេះកាន់តែមានចិត្តស្រលាញ់ក្នុងការចាប់យកជំនាញផ្នែកអគ្គិសនីនៅសាកលវិទ្យាល័យ។

បើតាមកញ្ញា ស៊ុនម៉ី បានឱ្យដឹងថា នៅពេលដែលខ្លួនបានប្រាប់អ្នកជុំវិញខ្លួនដូចជាបងប្អូន មិត្តភក្តិ និងអ្នកជុំវិញខ្លួនថានឹងរៀនជំនាញមួយនេះភ្លាមៗ គ្មាននរណាម្នាក់ដែលសប្បាយចិត្តនឹងការសម្រេចចិត្តរបស់កញ្ញានោះឡើយ ដោយបន្ថែមជាមួយនឹងពាក្យបង្អាក់ទឹកចិត្តមួយចំនួនដូចជា «ខ្លួនស្រីសោះ ហេតុអ្វីបានជារៀនជំនាញមនុស្សប្រុសទៅវិញ ជំនាញផ្សេងទៀតមួយគំនរ ហេតុអ្វីមិនរៀន ទៅរៀនជំនាញហ្នឹងធ្វើអ្វី តើគិតថានឹងមានឱកាសអាចធ្វើការក្នុងវិស័យអគ្គិសនីនេះដែររឺបើខ្លួនជាស្រីហ្នឹង»។

រូបភាពពេលចូលរួមប្រកួតនៅកម្មវិធី Robocon 2023 

ទោះជាយ៉ាងណាក៏ដោយ ពាក្យបង្អាក់ទឹកចិត្តទាំងនោះមិនបានរារាំង យុវជនវ័យ២០ឆ្នាំនេះ ក្នុងការឈោងចាប់ក្តីស្រមៃនោះឡើយ។ ពេលនេះ ស៊ុនម៉ី កំពុងតែបន្តការសិក្សាជំនាញអគ្គសនីឆ្នាំទី៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលហៅកាត់ថា NPIC ស្ថិតនៅទីក្រុងភ្នំពេញ រួមទាំងបានចូលរួមការប្រកួតផ្សេងៗជាមួយនឹងក្រុមនិស្សិតផ្សេងទៀតរហូតដល់បានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិនៅ ២០២៣ ផងដែរ។

កញ្ញា ស៊ុនម៉ី បានចែករំលែកបន្តទៀតថា ថ្វីត្បិតតែកញ្ញាស្រលាញ់មុខវិជ្ជានេះពិតមែន តែអំឡុងពេលសិក្សាជំនាញនេះ កញ្ញាជួបនឹងបញ្ហាប្រឈមមួយចំនួនដូចជា ការចុះអនុវត្តផ្ទាល់ ដោយសារតែវាតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអាចប្រឈមនឹងគ្រោះថ្នាក់ប្រសិនបើមិនមានការប្រុងប្រយ័ត្នដិតដល់។ កញ្ញា នៅតែសង្កត់ធ្ងន់ថា គ្មានអ្វីដែលអាចរារាំងក្តីស្រមៃរបស់កញ្ញាបានឡើយ ព្រោះកញ្ញាប្តេជ្ញាថានឹងរៀនរហូតដល់ចប់និងមានការងារធ្វើជាអ្នកអគ្គិសនីម្នាក់ដែលនឹងធ្វើការនៅក្នុងការិយាល័យដើម្បីអាចអនុវត្តអ្វីដែលបានសិក្សាកន្លងមកពីសាកលវិទ្យាល័យ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង