ភ្នំពេញ៖ វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ និងជាស្តូបអនុស្សាវរីយ៍រំលឹកដល់ទាហានខ្មែរនិងបារាំងដែលបានពលីជីវិតក្នុងសង្គ្រាម ត្រូវបានសាងសង់ឡើងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះបារាំង ជាពិសេសវិមាននេះជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តកម្ពុជា-បារាំង។ វិមាននេះត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន និងភាគីពាក់ព័ន្ធ។ សម្តេចក៏បានប្រកាសអនុញ្ញាតឱ្យស្ថានទូតបារាំង ប្រើប្រាស់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ និងពិធីផ្សេងៗ។
វិមាននេះត្រូវបានសាងសង់ឡើងនៅលើទីតាំងចាស់(នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង) បែរមុខទៅរកទិសខាងកើតជាទិសដែលមានជ័យភូមិល្អ ដោយមានទន្លេស្ថិតនៅខាងមុខផង គ្រឿងប្រកបរបស់វិមាននេះមានដូចតទៅ៖ ខឿនវិមានសាងពីបេតុង និងថ្មក្រានីត មានទម្រង់អដ្ឋកោណ មានទំហំ១២,២ម៉ែត្រ X ១៤,២ម៉ែត្រ កម្ពស់១,៧ម៉ែត្រ ដោយមានច្មាំតោសាងពីស្ព័ន្ទកម្ពស់ពីខឿនទៅតាមជ្រុងនៃអនុទិសទាំង៤ ជើងកោដ្ឋសាងពីបេតុងកម្ពស់៣,២០ម៉ែត្រ សម្រាប់ទ្រផ្នែកតួកណ្ដឹង លម្អដោយក្បាលដំរីសាងពីស្ព័នស្ថិតនៅតាមជ្រុងនៃអនុទិសទាំង៤។
តួកណ្ដឹងសាងពីស្ព័ន្ធកម្ពស់៤,៦០ម៉ែត្រលម្អដោយនាគទាំង៤ ស្ថិតនៅតាមអនុទិសទាំង៤ និងចម្លាក់មនុស្សដែលបានបន់ស្រន់ឱ្យទទួលបានជ័យជំនះក្នុងសង្គ្រាម និងការមកទទួលអបអរស្វាគមន៍ដោយមានបុរសកាន់ឆ័ត្ររត់ ស្រី្តបីកូន និងកាយវិការផ្សេងៗគ្រាមានជ័យជំនះត្រឡប់ពីសង្គ្រាមនៅប្រទេសបារាំងវិញ។
នៅលើតួកណ្ដឹងទៀតសោត ក៏មានរូបចម្លាក់ដំណាំ កសិផលដូចជា ពោត ល្ង ស្រូវ ដែលប្រជាជនខ្មែរខិតខំធ្វើដើម្បីបំពេញតម្រូវការរបស់បារាំង នៅលើតួកណ្ដឹងមានកម្ពស់រូបបដិមាមានទាហានខ្មែរ-បារាំង កម្ពស់២,៨ម៉ែត្រ ដោយដៃឆ្វេងរបស់ទាហានបារាំងដាក់លើស្មាទាហានខ្មែរ ដៃស្តាំកាន់ស្លឹកលុយយេ ចំណែកដៃទាំងពីររបស់ទាហានខ្មែរលើកឡើងលើដោយកាន់ស្លឹកឡូរីយេ ជាស្លឹកឈើតំណាងឱ្យសន្តិភាព រូបបដិមាទាំងពីរនេះតំណាងឱ្យវីរភាព ភាពក្លាហាន និងការលះបង់យ៉ាងខ្ពង់ខ្ពស់ដែលបានធ្វើឱ្យមានជ័យជំនះនៅឆ្នាំ១៩១៨នៅប្រទេសបារាំង និងជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តកម្ពុជា-បារាំង។
ជាមួយគ្នានេះ ក្រុមការងារបានរៀបចំផ្លាកព័ត៌មានដូចដូចទៅ៖
• នៅទិសខាងកើតនៃមុខនៃវិមាន កម្ពស់ផ្លាកប្រលឹងធ្វើពីថ្មភក់ដែលមានចារឹកអក្សរភាសាខ្មែរ និងបារាំង ឧទ្ទិសជូនវីរជនស្នេហាជាតិ
• នៅទិសខាងត្បូងនៃទិសខាងលិចមានផ្ទាំងសិលាចារឹកឈ្មោះទាហានខ្មែរ បារាំងចំនួន១៩៨នាក់ដែលបានទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ នៅឆ្នាំ១៩១៤-១៩១៨
• នៅទិសខាងជើងមានផ្ទាំងសិលាចារឹកស្ដីពីសាវតាសង្ខេបនៃការសង់វិមាន
ការសាងសង់ឡើងវិញនូវវិមាននេះ ពិតជាបានបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារ អភិរក្ស និងការស្តារឡើងវិញនូវរតនភ័ណ្ឌទីក្រុងរបស់រាជធានីភ្នំពេញ ដែលជារាជធានីក្រុងបេតិកភ័ណ្ឌ និងជាទីក្រុងប្រវត្តិសាស្រ្តធំបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា។ ការសាងសង់វិមាននេះឡើងវិញក៏បានបង្ហាញឱ្យឃើញជាការរស់នៅក្នុងសន្តិភាព ពិតជាអាចបង្កើតបានធនធានមនុស្សជាស្ថាបត្យករ ជាជាងចំឡាក់ និងជាអ្នកជំនាញផ្សេងៗដែលមានចំណេះដឹង និងចំណេះធ្វើ មានសមត្ថភាពសិក្សារចនា និងអភិរក្សសិល្បៈវប្បធម៌របស់ជាតិបានយ៉ាងល្អប្រសើរ។
ជាក់ស្តែងកូនខ្មែរអាចសាងសង់សំណង់ដែលត្រូវបានបំផ្លាញទាំងស្រុងមួយនេះឱ្យលេចជារូបរាងឡើងវិញតាមលំនាំដើមបានយ៉ាងល្អប្រសើរ។ ការសម្រេចសាងសង់វិមាននេះឡើងវិញក៏បង្កើតបានជារមណីយដ្ឋានមួយសម្រាប់ប្រារព្ធពិធីរំលឹកវិញ្ញាណខណ្ឌរបស់យុទ្ធជនស្ម័គ្រចិត្តកម្ពុជាដែលបានចូលរួមច្បាំងជាមួយបារាំងក្នុងអំឡុងសង្គ្រាមលោកផង និងវិមានអនុស្សាវរីយ៍ និងការថ្លែងអំណរគុណរបស់ភាគីបារាំងចំពោះព្រះរាជាណាចក្រកម្ពុជាដែលបានបញ្ជូនកងជីវពលខ្មែរទៅជួយច្បាំងដល់ទឹកដីរបស់បារាំងនៅឆ្នាំ១៩១៦-១៩១៨ផងដែរ។
គួរបញ្ជាក់ថា នាឱកាសអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រើប្រាស់វិមានមួយនេះរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀតបាន។
វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការអនុវត្តជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing៕




