ប៉េកាំង៖ ក្រសួងការបរទេសចិន នៅថ្ងៃទី១៤ កក្កដា លោក វ៉ាងយី បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អានតូនី ប្លីងខិន បង្កើនការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងទៅលើផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ។
ក្នុងជំនួបរវាងលោក វ៉ាងយី និងរដ្ឋមន្រ្តីនៃក្រសួងការបរទេសអាម៉េរិក លោក ប្លីងខិន ក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ី អ្នកការទូតចិនជើងចាស់រូបនេះបានលើកឡើងថាក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសហ្សាកាតាថា អាម៉េរិក ចាំបាច់ត្រូវប្រកាន់យកវិធីសាស្រ្តត្រឹមត្រូវ និងជាក់ស្ដែង ដើម្បីពង្រឹងនូវទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែមានការរីកចម្រើនក្នុងទិសដៅតែមួយ។ លោកក៏បានជំរុញឱ្យសហរដ្ឋអាម៉េរិក បញ្ឈប់ការគាបសង្កត់ប្រទេសចិនក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយនឹងលុបចោលទណ្ឌកម្មខុសច្បាប់ និងគ្មានការប្រឆាំងទៅលើប្រទេសចិនជាពិសេសអាម៉េរិកត្រូវគោរពគោលការណ៍ចិនតែមួយមិនលូកដៃរឿងផ្ទៃក្នុងរបស់ប្រទេសចិនឡើយ។
ចំណែកលោក ប្លីងខិន រដ្ឋមន្រ្តីនៃក្រសួងការបរទេសអាម៉េរិក បានលើកឡើងពីការព្រួយបារម្ភអំពីការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណិតរបស់ចិនបន្ទាប់ពីក្រុមហ៊ុន Microsoft បានអះអាងថាពួក Hacker ដែលគាំទ្រដោយរដ្ឋរបស់ចិនបានរំលោភលើគណនីអ៊ីម៉ែលរបស់ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាម៉េរិក។
កាលពីកន្លងទៅសហរដ្ឋអាម៉េរិក បានរារាំងការនាំចេញគ្រឿងអេឡិចត្រូនិកកម្រិតខ្ពស់ទៅកាន់ប្រទេសចិន ហើយទីក្រុងប៉េកាំងថ្មីៗនេះបានសងសឹកដោយការរឹតបន្តឹងការនាំចេញហ្គាលីញ៉ូម និងហ្គាមេនីញ៉ូម ដែលជាលោហធាតុពីរដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងគ្រឿងអេឡិចត្រូនិក និងរថយន្តអគ្គិសនី។
បន្ថែមពីនេះភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិនបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញបញ្ហាជាច្រើន រួមទាំងពាណិជ្ជកម្ម ការគាំទ្រយោធារបស់សហរដ្ឋអាម៉េរិកជុំវិញបញ្ហាកោះតៃវ៉ាន់ ហើយនិងបញ្ហាមួយចំនួនថែមទៀតដែលកំពុងតែធ្វើឲ្យចំណងមិត្តភាពរបស់ប្រទេសចិន និងសហរដ្ឋអាម៉េរិកកំពុងតែធ្លាក់ដុនដាបទៅដល់កម្រិតដ៏ពិបាកមួយ៕