Cctimesw1140xh150cm copy

កញ្ញា សុរចនា រៀនជំនាញវិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិម្មិត ដើម្បីអាចធ្វើការក្នុងវិស័យបច្ចេកវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ យុវតី គ្រី សុរចនា ទទួលបានអាហារូបករណ៍សិក្សាជំនាញ វិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិម្មិត នៅសាកលវិទ្យាល័យខេមតិច ៤ឆ្នាំពេញ បង្ហាញឆន្ទៈខ្ពស់ក្នុងការធ្វើការងារក្នុងវិស័យបច្ចេកវិទ្យានាពេលអនាគត។

យុវតី គ្រី សុរចនា ជាអតីតសិស្សនិទ្ទេស A មកពីខេត្តកំពង់ចាម បច្ចុប្បន្នជានិស្សិតឆ្នាំទី២សិក្សាជំនាញ វិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិម្មិត នៅសាកលវិទ្យាល័យខេមតិច។ ក្រៅពីការសិក្សានៅសាកលវិទ្យាល័យ យុវតីរូបនេះចូលចិត្តក្នុងការធ្វើការងារសង្គម និងចូលរួមកម្មវិធីផ្សេងៗដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា។

យុវតី សុរចនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មុននឹងជ្រើសរើសជំនាញទាក់ទងនឹងបច្ចេកវិទ្យានេះ កញ្ញា ធ្លាប់បានព្យាយាមប្រឹក្សាជាមួយនឹងអាណាព្យាបាល និងសិស្សច្បងជាច្រើនមុននឹងហ៊ានសម្រេចចិត្ត។ ជាសំណាងដែល កញ្ញាទទួលបានការគាំទ្រ និងការជម្រុញទឹកចិត្តពីអ្នកជុំវិញខ្លួន ថ្វីត្បិតដឹងថាវាជាជំនាញដែលពិបាករៀនក៏ពិតមែន។

មុននឹងសម្រេចចិត្តជ្រើសរើសរៀនជំនាញនេះនៅសាកលវិទ្យាល័យខេមតិច រចនាធ្លាប់បានចូលរួមទស្សកិច្ចសិក្សាមកកាន់សាកលវិទ្យាល័យនៅក្នុងកំឡុងពេលសិក្សានៅវិទ្យាល័យនៅឡើយ ដែលជាហេតុធ្វើឱ្យកញ្ញាអាចយល់ដឹងខ្លះៗពីបរិយាកាសសាលាដែលកញ្ញាមានបំណងក្នុងការសិក្សា។

បើតាម កញ្ញា សុរចនា បានឱ្យដឹងថា ពេលដែលកញ្ញាបានប្រាប់ទៅកាន់បងប្អូនដំបូងឡើយថាមានបំណងក្នុងការសិក្សាជំនាញនេះ ធ្លាប់បានទទួលពាក្យថា ហេតុអ្វីបានជាកញ្ញារៀនជំនាញមនុស្សប្រុសទៅវិញ តែកញ្ញាបានតបដោយភាពក្លាហានថាជំនាញនេះមិនមែនជាជំនាញសម្រាប់ភេទណាមួយទេ មិនថាប្រុសឬស្រី អាចរៀនបានដូចគ្នា បន្ទាប់មកបងប្អូនរបស់នាងក៏ចាប់ផ្តើមមានការគាំទ្រមកលើរូបកញ្ញាកាន់តែច្រើនទៀតដោយសារតែភាពក្លាហាននៅក្នុងការជ្រើសរើសសិក្សាជំនាញមួយនេះ។

ក្រោយសម្រេចចិត្តច្បាស់លាស់ថារៀនជំនាញមួយនេះ កញ្ញាបានដាក់អាហារូបករណ៍មកកាន់សាលាខេមតិចបានអាហារូបករណ៍៤ឆ្នាំពេញសម្រាប់ការសិក្សារបស់ខ្លួនដែលជាមោទនភាពមួយសម្រាប់ខ្លួនក្នុងការសម្រាលការចំណាយក្នុងគ្រួសាររបស់ខ្លួន។ បន្ថែមពីនេះ នៅពេលសិក្សានៅក្នុងជំនាញនេះ រចនាមានឱកាសក្នុងការចូលរួមហាត់ការងារនៅស្ថាប័នដៃគូរបស់ខេមតិចដែលអាចអនុវត្តអ្វីដែលរៀននៅក្នុងថ្នាក់នៅកន្លែងធ្វើការជាក់ស្តែង។

យុវតី រចនា បានរៀបរាប់បន្តទៀតថា មិនថាពេលបច្ចុប្បន្ននេះក៏ដោយ នៅពេលដែលកញ្ញាចេញទៅសង្គមខាងក្រៅទំនាក់ទំនង នៅពេលដែលគេដឹងថាកញ្ញាជាស្រី តែរៀនជំនាញ វិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិម្មិត នេះ គឺកញ្ញាតែងតែទទួលបានពាក្យសរសើរនិងការលើកទឹកចិត្តឱ្យខិតខំក្នុងការសិក្សាជំនាញមួយនេះបន្តទៀតឱ្យបានល្អ។

ជាចុងក្រោយ យុវតី រចនា បានប្រាប់ស៊ីស៊ីថាមស៍ថានាពេលខាងមុខ កញ្ញាចង់ក្លាយជាបុគ្គលិកម្នាក់ដែលធ្វើការក្នុងស្ថាប័នមួយពាក់ព័ន្ធនឹងជំនាញដែលខ្លួនកំពុងសិក្សា និងអាចធ្វើការគ្រប់គ្រងការងារជាក្រុមនៅក្នុងការងាររបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង