Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អ្នកស្រី ស្រីខែន មានជីវភាពល្អប្រសើរ ក្រោយរៀនចេះជំនាញវិជ្ជាជីវៈ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

រតនៈគិរី៖ អ្នកស្រី ហាយិៈ ស្រីខែន ជាជនជាតិដើមភាគតិចព្រៅ រស់នៅខេត្តរតនៈគិរី។ ក្រោយពេលសម្រេចចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី៨ អ្នកស្រីបានរៀនជំនាញសំអាងការ ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី។ ក្រោយបញ្ចប់ការសិក្សា អ្នកស្រីបានបើករបរនេះ ដោយខ្លួនឯង។ តាមរយៈការងារនេះ ធ្វើឲ្យអ្នកស្រីអាចរកចំណូលបានមួយថ្ងៃ៣០ម៉ឺនរៀល នៅក្នុងខែប្រាំង និងនៅក្នុងខែវស្សារកចំណូលបានប្រហែល ៦ម៉ឺនរៀលតែប៉ុណ្ណោះក្នុងមួយថ្ងៃ។

អ្នកស្រី ហាយិៈ ស្រីខែន ជាជនជាតិដើមភាគតិចព្រៅ រស់នៅខេត្តរតនៈគិរី។ អ្នកស្រីមានបងប្អូន៦នាក់ ហើយអ្នកស្រីជាកូនទី៦។ អ្នកស្រី ស្រីខែន សម្រេចចិត្តបោះបង់ការសិក្សានៅថ្នាក់ទី៨ ដោយសារតែរៀនមិនចេះ កត្តាជីវភាពគ្រួសារ មានការលំបាក។ បន្ថែមពីនេះទៀត ស្ដ្រីនៅក្នុងសហគមន៍ និងក្នុងភូមិ មិនសូវមានអ្នករៀនបានច្រើនឡើយ។ បន្ទាប់ពីឈប់រៀន អ្នកស្រី ស្រីខែន មិនបានធ្វើការងារអ្វីនោះទេ។ ពេលនោះបង និងឪពុកម្តាយ គាំទ្រអ្នកស្រីឲ្យរៀនជំនាញវិញ។

អ្នកស្រី ស្រីខែន បានប្រាប់ស៊ីស៊ីថាមស៍ថា អ្នកស្រីបានដឹងដំណឹងអំពីការរៀនជំនាញ តាមរយៈបុគ្គលិកអង្គការសមាគមន៍គ្រួសារយើង និងមន្រ្តីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ។ អ្នកស្រី ស្រីខែន ស្រឡាញ់ជំនាញអ៊ុតសក់ ផាត់មុខ ធ្វើក្រចក គឺជំនាញសំអាងការ (សាឡន)។ អ្នកស្រី ស្រីខែន បានរៀនជំនាញនេះ រយៈពេល៦ខែ ជាមួយសហគ្រាស និងបន្តចុះហាត់ការ១ខែ ជាមួយនឹងមេជាង។ មូលហេតុដែលធ្វើឲ្យអ្នកស្រី ចុះឈ្មោះរៀនជំនាញនេះគឺដោយសារស្រឡាញ់ខាងសំអាងការ ហើយម្យ៉ាងទៀតអ្នកស្រីរៀនលេខអក្សរ អត់សូវចេះចាំឡើយ។

ស្ដ្រីវ័យ២៦ឆ្នាំរូបនេះ បានបន្ដថា នៅពេលមកសិក្សាដំបូង ដោយសារអ្នកស្រីជាជនជាតិដើមភាគតិច មានការពិបាកក្នុងការទំនាក់ទំនងជាមួយមេជាង ម្យ៉ាវិញទៀតមេជាងក៏សំដីអាក្រក់។ សូម្បីការហូបចុក និងការស្នាក់នៅ ក៏មានការលំបាកដែរ។ ទោះបីជាមានការពិបាកបែបនេះក្ដី ក៏អ្នកស្រីមិនមានបំណងឈប់រៀនជំនាញនេះដែរដោយព្រោះតែការស្រឡាញ់ ជាពិសេសមានការលើកទឹកចិត្តពីអាណាព្យាបាល និងបងប្អូន។ បន្ទាប់ពីរៀនជំនាញចប់ អ្នកស្រីបានការគាំទ្រពីឪពុកម្តាយ និងអង្គការ ក្នុងការបើកសាឡន ដោយខ្លួន។ ជាពិសេសអង្គការបានគាំទ្រថវិកាមួយចំនួនតូចទិញសម្ភារៈបើកមុខរបរនេះ។

អ្នកស្រី ស្រីខែន បានឲ្យដឹងទៀតថា តាមរយៈមុខរបរនេះ នៅក្នុងខែប្រាំង ក្នុងមួយថ្ងៃអ្នកស្រីរកចំណូលបានប្រមាណជា៣០ម៉ឺនរៀល និងក្នុងខែវស្សាអាចរកបានជាមធ្យម ៦ម៉ឺនរៀលតែប៉ុណ្ណោះក្នុងមួយថ្ងៃ។ ជំនាញដែលអ្នកស្រីទទួលបាននេះគឺពិតជាបានជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារអ្នកស្រី។ ជាពិសេសអ្នកស្រុកអ្នកភូមិគោរពរាប់អានច្រើន ដែលខុសពីមិនទាន់មានជំនាញច្បាស់លាស់។ ចំណែកគ្រួសារអ្នកស្រីក៏បានរៀនជំនាញជួសជុលម៉ូតូជំនាន់ជាមួយលោកស្រីដែរ ហើយបានបើកមុខរបរនេះផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: TVET
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង