Cctimesw1140xh150cm copy

យុវជន នៅ វណ្ណេត ចែករំលែកគន្លឹះដើម្បីប្រឡងជាប់នៅសាលាភូមិន្ទរដ្ឋបាល

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជន នៅ វណ្ណេត បានចំណាយពេលប្រហែលមួយខែ សម្រាប់ការត្រៀមខ្លួនប្រឡងចូលសាលាភូមិន្ទរដ្ឋបាល ដើម្បីសម្រេចក្តីស្រមៃក្លាយជាមន្រ្តីរាជការ។

យុវជន នៅ វណ្ណេត ជាសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ នៅសាលាភូមិន្ទរដ្ឋបាលដែលកំពុងសិក្សាជំនាញ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឆ្នាំទី២។ មុននឹងចូលរៀននៅសាលាភូមិន្ទរដ្ឋបាល វណ្ណេត ធ្លាប់ជានិស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាមុខជំនាញពីរ គឺអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យកម្ពុជា និងជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កំឡុងពេលសិក្សានៅសាកលវិទ្យាល័យ លោកចូលចិត្តអានសៀវភៅផ្សេងៗ ដែលទាក់ទងទៅនឹងជំនាញរបស់ខ្លួន និងទម្លាប់ក្នុងការកត់ត្រាពាក្យបច្ចេកទេសដែលបានរៀនដើម្បីអាចយល់ពីការប្រើប្រាស់ពាក្យទាំងនោះឱ្យបានកាន់តែស៊ីជម្រៅ។

លោក វណ្ណេត បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកបានស្គាល់សាលាភូមិន្ទរដ្ឋបាលតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សាលា បន្ទាប់មកក៏បានចូលអានស៊ីជម្រៅ និងតាមដានពីរបៀបនៅក្នុងការដាក់ពាក្យចូលក្នុងសាលានេះ រហូតបានដឹងថា សាលាភូមិន្ទរដ្ឋបាលជាកន្លែងមួយដែលយុវជន ២៦ ឆ្នាំរូបនេះ អាចសម្រេចក្តីស្រមៃក្នុងការក្លាយជាមន្រ្តីរាជការប្រកបដោយវិជ្ជាជីវៈ។

ក្រោយបានយល់ដឹងពីរបៀបនៅក្នុងការដាក់ពាក្យ និងរបៀបនៅក្នុងការបង្រៀននៅសាលានេះ វណ្ណេត បានសម្រេចចិត្តក្នុងការដាក់ពាក្យសាលាភូមិន្ទរដ្ឋបាលដើម្បីក្លាយជាសិស្សមន្រ្តីជាន់ខ្ពស់ដែលត្រូវឆ្លងកាត់ការប្រលងបីដំណាក់កាល (វិញ្ញាសាសរសេរលើកទី១ វិញ្ញាសាសរសេរលើកទី២ និងវិញ្ញាសាសួរផ្ទាល់មាត់) ទើបអាចត្រូវបានជ្រើសរើសចូលរៀននៅសាលានេះបាន ដោយដំបូងឡើយ លោកបានដាក់ពាក្យតាមអនឡាញជាមុនសិន ដែលតម្រូវឱ្យបំពេញព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ និងបំពេញបែបបទ ប្រគល់ឯកសារផ្សេងៗដែលសាលាទាមទារ។

បន្ទាប់ពីដាក់ពាក្យបានជោគជ័យ លោកបានឆ្លងកាត់ការប្រលងពីរដងមុននឹងឈានទៅដល់វគ្គសម្ភាសន៍ ការប្រលងលើកទី១គឺ ប្រលងបែបពហុចម្លើយ ដែលមានវិញ្ញាសាពីរគឺ ភាសាអង់គ្លេស និងសំណួរទូទៅពាក់ព័ន្ធនឹង ទំនាក់ទំនងអន្តរជាតិ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងចំណេះដឹងទូទៅផ្សេងទៀត។ នៅពេលដែលលោកបានឆ្លងកាត់វគ្គទី១នេះជោគជ័យ លោកត្រូវបានជ្រើសរើសទៅវគ្គទី២ គឺការប្រលងសរសេរ ដែលពាក់ព័ន្ធនឹងជំនាញដែលលោកបានដាក់ចូលសាលាភូមិន្ទរដ្ឋបាល។

បើតាមការរៀបរាប់របស់ យុវជន វណ្ណេត បានឱ្យដឹងថា នៅសាលាភូមិន្ទរដ្ឋបាលមានជំនាញបីផ្សេងគ្នា គឺ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំនាក់ទំនងអន្តរជាតិ និងជំនាញរដ្ឋបាលសាធារណៈ ។ ជំនាញដែលលោកបានជ្រើសរើសកំពុងសិក្សានេះគឺជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារតែលោកធ្លាប់មានបទពិសោធន៍សិក្សានៅសាកលវិទ្យាល័យជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ចស្រាប់។

ក្រោយបានប្រលងជាប់វគ្គទី២ យុវជន វណ្ណេត ត្រូវបានឆ្លងទៅដំណាក់កាលចុងក្រោយ គឺដំណាក់កាលសម្ភាសដែលនឹងមានការសួរសំណួរដើម្បីអាចធ្វើមូលវិចារណ៍លក្ខណៈរបស់បេក្ខជនដែលមានរយៈពេល ១៥ នាទី ទៅ ៣០នាទី។ បន្ទាប់ពីជោគជ័យនៅវគ្គសម្ភាស វណ្ណេតត្រូវបានជ្រើសរើសចូលរៀននៅសាលាភូមិន្ទរដ្ឋបាលដើម្បីសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលសិស្សមន្រ្តីជានខ្ពស់តាំងពីឆ្នាំ២០២២ រហូតមកដល់ពេលនេះ។

ត្រឹមរយៈពេលមួយខែ វណ្ណេតបានត្រៀមលក្ខណៈរួចរាល់ឆ្លងកាត់ដំណាក់កាលជាច្រើនទម្រាំអាចត្រូវបានជ្រើសរើសចូលរៀននៅសាលាភូមិន្ទរដ្ឋបាលបាន។ យ៉ាងណាមិញ វណ្ណេត បានព្យាយាមសង្កត់អត្ថន័យថា រយៈពេលមួយខែដែលលោកត្រៀមនេះ គឺមិនមែនជាពេលវេលាដែលលោកត្រូវសម្រុកត្រៀមមេរៀនគ្រប់យ៉ាងពាក់ព័ន្ធនឹងអ្វីដែលនឹងចេញពេលប្រលងទេ តែជាពេលដែលលោកបំពេញចំណុចខ្វះខាតដែលលោកមាន ដែលមិនទាន់យល់ច្បាស់ស៊ីជម្រៅ និងជាការរំលឹកឡើងរិញ ពីព្រោះថា មេរៀនភាគច្រើន លោកបានព្យាយាមសិក្សាស្វែងយល់ស៊ីជម្រៅតាំងពីពេលនៅរៀនសាកលវិទ្យាល័យមកម្ល៉េះ។

វណ្ណេត បានរៀបរាប់បន្តទៀតថា ដើម្បីអាចជ្រើសរើសជាសិស្សរៀននៅទីនេះបាន សិស្សគួរតែរៀនស្គាល់ខ្លួនឯងជាមុនសិនថាតើខ្លួនស្រលាញ់ជំនាញអ្វីជាងគេ ហើយយល់ពីជំនាញមួយនោះបានកម្រិតណា ហើយមានចំណុចខ្វះខាតត្រង់ណា។ ជាពិសេសសិស្សគួរតែអានសៀវភៅឱ្យបានច្រើនពាក់ព័ន្ធនឹងឯកសាររដ្ឋ។ លោកបានសង្កត់អត្ថន័យថា ពេលអានត្រូវអានឱ្យយល់ មិនមែនគ្រាន់តែអានឱ្យចប់នោះទេ ត្រូវអានឱ្យស្គាល់ពាក្យបច្ចេកទេសបានច្រើន ដើម្បីអាចប្រើប្រាស់វាបានត្រឹមត្រូវទាំងអត្ថន័យ និងអក្ខរាវិរុទ្ធនាពេលប្រលងសរសេរ។

គន្លិះមួយចំនួនដែលលោកចង់ផ្តល់ជូនសម្រាប់អ្នកដែលមានបំណងក្នុងការប្រលងចូលសាលាភូមិន្ទរដ្ឋបាលមានដូចជា៖

− ត្រូវយល់ឱ្យច្រើនអំពីជំនាញរបស់ខ្លួន, បើរៀនសេដ្ឋកិច្ច ត្រូវយល់អំពីគោលការណ៍ទូទៅរបស់វា តួយ៉ាង គោលការតម្រូវការ (demands) ការផ្គត់ផ្គង់ (supply) គោលការសេដ្ឋកិច្ចទីផ្សារ សេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចចម្រុះ។ ល។ ដើម្បីមានមូលដ្ឋានក្នុងការវិភាគ។

− បន្ថែមអំពីគោលការទូទៅនៃជំនាញរបស់ខ្លួន ត្រូវតែយល់អំពីបរិបទជាក់ស្តែងរបស់កម្ពុជា តាមរយៈការអានឯកសារផ្លូវការផ្សេងៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ជាអាទិ៍ បទដ្ឋានគតិយុត្តពាក់ព័ន្ធនានា យុទ្ធសាស្រ្តចតុកោណ (យុទ្ធសាស្រ្តបច្ចកោណចាប់ពីនីតិកាលទី៧ តទៅ) ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និង/ឬ ក្របខណ្ឌគោលនយោបាយផ្សេងៗ។

− ត្រូវយល់អំពីបរិការណ៍បច្ចុប្បន្ន ទាំងក្នុងតំបន់ និងទាំងសកល ឱ្យបានច្រើន តាមរយៈការតាមដានព៌តមានទុកចិត្តបាននានា

− បើអាច គួររកដៃគូត្រៀមប្រឡង បង្កើតជាក្រុមស្វ័យសិក្សាត្រៀមប្រឡង ដើម្បីអាចជជែកផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក។ ពិសេសជាងនេះ គួរស្វះស្វែងសួរសិស្សច្បងដែលធ្លាប់មានបទពិសោធន៍ប្រឡងជាប់ស្ថាពរ ដើម្បីទទួលបានធាតុចូលល្អៗបន្ថែម។

ជាចុងក្រោយ វណ្ណេតមានសារចង់ផ្តាំទៅកាន់យុវជនថា ប្រសិនបើមានចិត្តចង់ប្រលង សូមកុំមានការភ័យខ្លាចថាខ្លួនមិនអាចធ្វើបានអី តែត្រូវហ៊ាននៅក្នុងការប្រឹងប្រែងគ្រប់វិធីសាស្រ្តដើម្បីអាចមានឱកាសនៅក្នុងការសម្រេចក្តីស្រមៃខ្លួនឯងបាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង