
ភ្នំពេញ៖ «វិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងអំឡុងសង្គ្រាមលោកលើកទី១» ឬ «រូបពីរ» ដែលត្រូវបានកម្ទេចដោយខ្មែរក្រហម និងដែលត្រូវបានសាងសង់ឡើងវិញដូចវិមានកាលពីមុន ដោយរដ្ឋាភិបាលកម្ពុជា នឹងត្រូវសម្ពោធនៅថ្ងៃទី១៤កក្កដាស្អែកនេះ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅមុខស្ថានទូតបារាំងប្រចាំកម្ពុជា។

វិមានប្រវត្តិសាស្រ្តនេះរំឭកដល់ជនជាតិខ្មែរ១៥១នាក់ និងជនជាតិបារាំង៣៣នាក់ ដែលបានទទួលអនិច្ចកម្មក្នុងអំឡុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ហើយជានិមិត្តរូបនៃមិត្តភាពដ៏យូរលង់រវាងប្រទេសបារាំង និងប្រទេសកម្ពុជា។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀស ចរាចរជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពី ផ្លូវលេខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង កំណាត់ផ្លូវលេខ៤៧ ចាប់ពីផ្លូវលេខខ៨៤ ដល់រង្វង់មូលកាំភ្លើង កួចកាណុង និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយ អនុគ្រោះ។ ផុតរយៈពេលបញ្ចៀសចរាចរនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕
