ភ្នំពេញ៖ យុវជន នីវិសាលស្ណុ ទទួលបានជ័យលាភីសិស្សពូកែគណិតវិទ្យាទូទាំងប្រទេស អំឡុងពេលសិក្សានៅថ្នាក់ទី១២ ដោយសារតែបទពិសោធន៍ធ្លាប់ប្រលងកាលពីទី៩ម្តង និងការខិតខំព្យាយាមចូលរួមការប្រលងប្រកួតប្រជែងគណិតវិទ្យាទាំងក្នុងស្រុក និងក្រៅស្រុកក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់ខ្លួនប្រើប្រាស់គណិតវិទ្យា។
យុវជន រិទ្ធ នីវិសាលស្ណុ ជាសិស្សដែលកំពុងសិក្សានៅថ្នាក់ទី១២ នៅវិទ្យាល័យឬស្សីកែវ បានចូលរួមប្រលងសិស្សពូកែទូទាំងប្រទេស នៅខេត្តបាត់ដំបង ទទួលបានជ័យលាភីលេខ ១ ក្នុងមុខវិជ្ជាគណិតវិទ្យា។ យុវជន នីវិសាលស្ណុ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មុននឹងចូលរួមប្រលងសិស្សពូកែទូទាំងប្រទេសនៅខេត្តបាត់ដំបងនេះ យុវជនរូបនេះធ្លាប់បានចូលរួមប្រលងកម្មវិធីប្រកួតផ្នែកគណិតវិទ្យាជាច្រើន ដែលជាទុនសម្រាប់ខ្លួនក្នុងការបន្ស៊ាំខ្លួនក្នុងការប្រលងដើម្បីអាចយកជ័យលាភីនៅវគ្គទូទាំងប្រទេសបាន។
នីវិសាលស្ណុបានបន្តទៀតថា ខ្លួនបានចាប់ផ្តើមប្រឡូកជាមួយនឹងគណិតវិទ្យាដំបូងនៅថ្នាក់ទី៩ ដោយបានចូលរួមប្រលងសិស្សពូកែថ្នាក់ទី៩ ផ្នែកគណិតវិទ្យា តែមិនបានលទ្ធផលល្អដោយសារតែមិនបានត្រៀមខ្លួនរួចរាល់ និងការប៉ះពាល់មកលើការរៀបចំការប្រលងដោយសារតែជំងឺកូវីដ១៩។ លទ្ធផលនៃការធ្លាក់នៅការប្រកួតកាលពីថ្នាក់ទី៩ បានជម្រុញឱ្យយុវជនរូបនេះដាក់គោលដៅថានឹងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រលងនៅពេលខ្លួនរៀនថ្នាក់ទី១២។ យុវជនរូបនេះ បានចូលរួមការប្រលងសិស្សពូកែជាបន្តបន្ទាប់ ដើម្បីលត់ដំសមត្ថភាពរបស់ខ្លួនក្នុងការប្រើប្រាស់គណិតវិទ្យា។
បើតាមយុវជនដ៏ពូកែ នីវិសាលស្ណុ បានឱ្យដឹងថា កត្តាដែលចូលរួមចំណែកនៅក្នុងការទទួលបានលទ្ធផលប្រលងសិស្សពូកែទូទាំងប្រទេសនេះគឺមានច្រើនដូចជា កត្តាខ្លួនឯង កត្តាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងរដ្ឋាភិបាល។ ប្រសិនបើមិនមានការខិតខំចំណាយពេលអនុវត្តលំហាត់អស់ជាច្រើន ក៏មិនអាចមានលទ្ធផលមួយនេះអាចកើតឡើងដែរ ដោយសារតែយុវជនរូបនេះមានការព្យាយាមរៀនបន្ថែមបំប៉នច្រើនទើបអាចមានសមត្ថភាពសម្រេចបានរឿងមួយនេះ។ លើសពីនេះ វិសាលស្ណុបានបន្តថា ខ្លួនពិតជាស្ងើចសរសើរការខិតខំរបស់រដ្ឋាភិបាល ព្រោះថាប្រសិនបើរដ្ឋាភិបាលមិនបានរៀបចំកម្មវិធីនេះទេ ខ្លួនក៏មិនមានឱកាសនៅក្នុងការក្លាយជាជ័យលាភីដែរ។
យុវជន នីវិសាលស្ណុ បានរៀបរាប់បន្តទៀតថា ផលប្រយោជន៍នៃការចូលរួមប្រលងសិស្សពូកែដែលយុវជនរូបនេះទទួលបានមានច្រើនដែលអាចជួយតម្រង់ទិសនៅក្នុងការរៀបចំខ្លួនសម្រាប់ចូលសិក្សានៅថ្នាក់សាកលវិទ្យាល័យនាពេលខាងមុខនេះ តួយ៉ាងដូចជា ការពង្រឹងសមត្ថភាពប្រើប្រាស់គណិតវិទ្យាស៊ីជម្រៅ ការអភិវឌ្ឍនូវជំនាញទន់តាមរយៈការចេះស្រាវជ្រាវដោយខ្លួនឯង ការមានភាពក្លាហានក្នុងការទំនាក់ទំនងជាមួយនឹងលោកគ្រូ អ្នកគ្រូ និងមិត្តដែលប្រលងជាមួយគ្នា។ បន្ថែមពីនេះទៅទៀត យុវជនអាចមានឱកាសធ្វើការងារជាក្រុមជាមួយគ្នាពេលប្រលងសិស្សពូកែផងដែរ។
ដោយសារតែមានកម្លាំងចិត្តពីក្រុមគ្រួសារ និងមានលោកឪពុកជាគ្រូបង្រៀនពាក់ព័ន្ធនឹងមុខវិជ្ជាបែបវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យស្រាប់ នាពេលអនាគត វិសាលស្ណុមានបំណងក្នុងការក្លាយជាស្ថាបត្យករម្នាក់ ដែលនឹងប្រើប្រាស់គណិតវិទ្យាច្រើនដែលជាមុខវិជ្ជាដែលខ្លួនស្រលាញ់៕