ភ្នំពេញ៖ ស្រ្តីខ្មែរដំបូង៣រូប បានបញ្ចប់ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល ដោយជោគជ័យ ពីសាកលវិទ្យាល័យលំដាប់កំពូលរបស់ប្រទេសរុស្ស៊ី។ ជំនាញដែលពួកគេបានសិក្សា ជាគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុខ។
យុវជន៤រូបបានបញ្ចប់ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល ដោយជោគជ័យពី សាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និង សាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី។ ក្នុងចំណោមយុវជន៤រូបនោះ មានស្ដ្រី៣រូប ដែលជាស្រ្តីខ្មែរដំបូងបានបញ្ចប់ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល។
គួរបញ្ជាក់ថា បញ្ញវន្តទាំង៤រូប ជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុខ៕