ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីប្រកាសនៅថ្ងៃទី១១កក្កដានេះថា អ្នកណែនាំឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ ដោយប្រឈមការផាកពិន័យ៥លានរៀល ទៅ២០លានរៀល។
បើតាមសេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឲ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។

