រុស្សី៖ កងកម្លាំងយោធារុស្ស៊ីនាថ្ងៃច័ន្ទនេះបានអះអាងថា ខ្លួនបានបំផ្លាញសព្វាវុធជាច្រើនរបស់ប្រទេសអ៊ុយក្រែនក្នុងតំបន់សមរភូមិក្តៅៗជាច្រើនហើយរុស្សីក៏បានសម្លាប់កងទាហានរបស់អ៊ុយក្រែនអស់ជាច្រើនរយនាក់ផងដែរ ខណៈដែលភាគីអ៊ុយក្រែនបាននិយាយថា កងទ័ពរបស់ខ្លួនបានចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាប្រឆាំងនឹងទ័ពរុស្សីក្នុងទិសដៅជាច្រើន។ នេះបើយោងតាមការសង្ខេបព័ត៌មានផ្លូវការស្តីពីការអភិវឌ្ឍន៍សមរភូមិសង្រ្គាមដែលចេញផ្សាយដោយប្រទេសទាំងពីរ។
យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានប្រយុទ្ធជាមួយទាហាន និងទាហានស៊ីឈ្នួលអ៊ុយក្រែននៅតំបន់ Kupyansk (កូពីយ៉ាណាក់) និងទិសដៅផ្សេងទៀត ដោយបានបំផ្លាញសម្ភារៈយោធារបស់អ៊ុយក្រែន រួមមានរថក្រោះ រថពាសដែក ប្រព័ន្ធរ៉ុក្កែត RM-70 Vampire ដែលផលិតដោយសហរដ្ឋអាម៉េរិក។ ប្រព័ន្ធកាំភ្លើងធំ M109 Paladin ប្រព័ន្ធកាំភ្លើងធំ M777 និងរ៉ាដាប្រឆាំងកាំភ្លើងធំ។
នៅថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បាននិយាយថា មានការប៉ះទង្គិចគ្នាជាង ២០ ដងរវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅតំបន់ Lyman, (លៃម៉ាន់) Bakhmut, (បាក់មុត) Avdiivka, (អេដីវីការ) Mar'inka (ម៉ាលីការ) និងទិសដៅផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ហើយកងកម្លាំងទ័ពអាកាសអ៊ុយក្រែន អង្គភាពមីស៊ី និងកាំភ្លើងធំបានធ្វើការវាយប្រហារប្រឆាំងនឹងតំបន់ប្រមូលផ្តុំកម្លាំងមនុស្ស និងកងកម្លាំងរបស់រុស្ស៊ី ទីតាំងកាំភ្លើងធំ និងឧបករណ៍សង្គ្រាមអេឡិចត្រូនិកជាច្រើន។
ទន្ទឹមនឹងនេះដែរ លោក Alexander Bogomaz (អេឡិចហ្សាន់ដឺ បូលូម៉ាស់) អភិបាលនៃតំបន់ Bryansk (ប្រីយ៉ាន់) របស់រុស្ស៊ី ជាប់ព្រំដែនប្រទេសបេឡារុស បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីក្នុងតំបន់បានស្ទាក់ចាប់មីស៊ីលរបស់អ៊ុយក្រែនចំនួនពីរគ្រាប់នៅក្នុងតំបន់នោះ៕